(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានបញ្ជូនប្រតិភូ និងកីឡាករសរុបចំនួន ៤រូប ចូលរួមការប្រកួតវិញ្ញាសាស្នូកឃ័រអន្ដរជាតិលក្ខណៈបើកទូលាយ នៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ខាងមុខ។
ថ្លែងមុនចាកចេញពីមាតុភូមិ កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំ បានបញ្ជាក់ថា បេសកកម្មនេះ សហព័ន្ធបានបញ្ជូនកីឡាករ ២រូប គឺកីឡាករ នាង តុលា និង កែវ រ៉ាវី ។ ចំពោះការប្រកួត Singapore Open នេះដែរ គឺជាការប្រកួតលក្ខណៈ Pre-SEA Games មួយ សម្រាប់វាស់ស្ទង់បណ្ដាប្រទេសក្នុងតំបន់ត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ។
លោកថា ការប្រកួតនេះ ម្ចាស់ផ្ទះសិង្ហបុរី បានស្នើសុំគ្រប់បណ្តាប្រទេសក្នុងតំបន់ទាំងអស់ បញ្ជូនតែកីឡាករជម្រើសជាតិរបស់ខ្លួន ក្នុង ១ប្រទេសចំនួន ២នាក់ដូចៗគ្នា។ បន្ថែមលើនេះ សិង្ហបុរី ក៏បានស្ងើចសរសើរចំពោះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ហើយបានអញ្ជើញកីឡាករកម្ពុជា ២រូបចូលរួមប្រកួតផងដែរ ដើម្បីជាកម្ដៅសាច់ដុំត្រៀមការប្រកួតស៊ីហ្គេមបន្ទាប់ នាឆ្នាំក្រោយ។
លោកបន្ដថា «ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំ ខ្ញុំចង់ឲ្យកីឡាករកម្ពុជាទាំង ២រូប នឹងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមចំណាត់ថ្នាក់ល្អណាមួយ ក្នុងចំណោមមេដាយមាស ប្រាក់ និងសំរឹទ្ធ ហើយកម្មវិធីក៏មានប្រាក់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីផងដែរ។ ក្រុមជម្រើសជាតិបានប្រមូលផ្តុំហ្វឹកហាត់ត្រៀមមានរយៈពេល៥ខែមកហើយៗវិញ្ញាសាស្នូកឃ័រនេះ គឺកីឡាករកម្ពុជាមិនទាន់ចូលរួមប្រកួតក្នុងលក្ខណៈធំណាមួយទេ ហើយទើបតែនៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសសិង្ហបុរីរៀបចំការប្រកួតធំបើកទូលាយបែបនេះតែម្តង»។
«ខ្ញុំសង្ឃឹមថា កីឡាករជើងចាស់ នាង តុលា និងកីឡាករវ័យក្មេង កែវ រ៉ាវី ម្ចាស់មេដាយមាសថ្នាក់ជាតិរបស់យើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីប្រជែងលទ្ធផលល្អណាមួយយកមកជូនជាតិមាតុភូមិ។ យើងនឹងពង្រឹងបន្ថែមឱ្យបានខ្លាំងក្លា ដល់ការហ្វឹកហាត់ និងប្រកួតរបស់កីឡាករជម្រើសជាតិប៊ីយ៉ាកម្ពុជា ក្នុងរយៈពេលជាង១ឆ្នាំទៀត មុនឈានដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ»។ លោក ម៉ារ៉ា សុជាតិ បន្ថែម៕