(ម៉ូនិច)៖ បញ្ហារបួសកជើងរបស់ខ្សែប្រយុទ្ធ Harry Kane ទំនងជាមិនធ្ងន់ធ្ងរ និងអាចចូលលេងបានផងដែរ ពេលក្រុម Bayern Munich ជួបម្ចាស់ផ្ទះ Aston Villa ក្នុងលីគ UEFA Champions League នៅរាត្រីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ ៣១ឆ្នាំខាងលើនេះ ត្រូវបង្ខំចិត្តប្តូរចេញនៅនាទី៨៦ ក្នុងប្រកួតដែល Bayern Munich លេងស្មើគ្នា ១-១ ទល់នឹងក្រុមការពារតំណែងជើងឯក Bayer Leverkusen ក្នុងលីគ Bundesliga កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។
ក្លិបខ្លារខិន Bayern បានបញ្ជាក់ថា «បញ្ហារបួសរបស់ Kane មិនជាធ្ងន់ធ្ងរនោះទេ ក្រោយការពិនិត្យរួចរាល់កាលពីថ្ងៃអាទិត្យម្សិលមិញ និងអាចចូលប្រកួតបានផងដែរនៅកីឡដ្ឋាន Villa Park របស់ Aston ក្នុងរយៈពេល ២ថ្ងៃខាងមុខ»។
Kane រកបាន ១០គ្រាប់មកហើយ ពីការចូលលេងបាន ៧ប្រកួតគ្រប់កម្មវិធីរបស់ Bayern Munich នារដូវកាលនេះ និងជារដូវកាលទី២ របស់គេដែរ ក្រោយផ្លាស់ចេញពីក្លិប Tottenham Hotspur។
តាមរយៈលទ្ធផលស្មើលើកដំបូងក្នុងលីគ Bundesliga ក្នុងចំណោម ៥ប្រកួតនាដើមរដូវកាលនេះ បានញាំងឱ្យក្រុមរបស់លោក Vincent Kompany បន្តឈរទីកំពូលតារាងជាបណ្តោះអាសន្នដដែល ដោយមាន ១៣ពិន្ទុ តាមពីក្រោយដោយ Eintracht Frankfurt ឈរលេខ២ ដែលមាន ១២ពិន្ទុ ក្រោយពេលលេងបាន ៥ប្រកួតនៃជើងទី១ ដូចគ្នា៕