(មេនឆេស្ទើ)៖ Tottenham Hotspur បានបំបាក់ម្ចាស់ផ្ទះ Manchester United ៣ទល់នឹង០ និងជាការបរាជ័យលើកទី៣ ក្នុងលីគ Premier League ផងដែរ ក្នុងចំណោម ៦ប្រកួតនាដើមរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្នុងការប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Old Trafford នោះដែរ កីឡាករ Brennan Johnson ជាអ្នករកបានគ្រាប់បាល់ទី១ ក្រោយពេលលេងបានត្រឹមតែ ៣នាទីប៉ុណ្ណោះឱ្យក្រុមភ្ញៀវមាន់ខ្នាយមាស Spurs នៅមុនពេលក្រុមរបស់លោក Erik ten Hag ត្រូវលេងសមាជិកតែ ១០នាក់ចាប់ពីនាទី៤២ មក ដោយសារប្រធានក្រុម Bruno Fernandes ត្រូវពិន័យកាតក្រហម បន្ទាប់ពីបង្កកំហុសទៅលើ James Maddison។
Spurs ដែលអវត្តមានជើងខ្លាំង Son Heung-min ដោយសាររបួសផងនោះ នៅតែអាចបន្ថែម ២គ្រាប់ទៀតបានសម្រាប់ ៤៥នាទីដែលនៅសល់ តាមរយៈធ្វើបានដោយកីឡាករ Dejan Kulusevski និង Dominic Solanke ដ្បិតអ្នកចាំទីកាមេរូន Onana ពុំអាចជួយសង្រ្គោះបានឡើយ។
តាមរយៈ ៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យ Spurs រំកិលទៅកាន់លេខរៀងទី៨ ក្នុងលីគជាបណ្តោះអាសន្ន ដោយមាន ១០ពិន្ទុ ក្រោយលេងបាន ១០ប្រកួត ស្របពេលបិសាចក្រហម Man Utd វិញធ្លាក់ទៅលេខ១២ ដោយទើបមាន ៧ពិន្ទុក្នុងដៃប៉ុណ្ណោះ និងបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើគ្រូបង្វឹក Ten Hag ទៀតដែរ៕