(ភ្នំពេញ)៖ ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា បានរៀបចំកម្មវិធីបរិច្ចាគឈាមមនុស្សធម៌ ឆ្នាំ២០២៤ ជាមួយនឹងសារ «ដំណក់ឈាមមួយដំណក់ មួយលានបេះដូង»។
ក្នុងព្រឹត្តិការណ៍នេះ បុគ្គលិក ដៃគូ និងអតិថិជនរបស់មិត្តហ្វូនរាប់រយនាក់បានចូលរួមបរិច្ចាគឈាម។ អ្នកស្ម័គ្រចិត្ដត្រូវបានបែងចែកទៅជាក្រុមដាច់ដោយឡែក និងបានកំណត់ពេលវេលាផ្សេងៗគ្នា ដើម្បីធានាថាដំណើរការបរិច្ចាគឈាមត្រូវបានរៀបចំយ៉ាងល្អ។ កន្លែងបរិច្ចាគត្រូវបានបែងចែកទៅជាផ្នែកជាច្រើន៖ តំបន់ផ្តល់តែស្ករ ដើម្បីបំពេញថាមពលដល់អ្នកបរិច្ចាគ កន្លែងពិនិត្យសុខភាពមុនពេលបរិច្ចាគឈាម តំបន់បរិច្ចាគឈាម និងផ្នែកត្រួតពិនិត្យសុខភាពក្រោយបរិច្ចាគ។
ថ្លែងនៅក្នុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានសង្កត់ធ្ងន់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តគឺជាទង្វើដ៏ថ្លៃថ្នូរដែលឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗចំពោះសហគមន៍។ លោកបានលើកទឹកចិត្តដល់បុគ្គលិក មិត្តហ្វូន ដោយស្មារតីមនុស្សធម៌ខ្ពស់ បន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដគ្រប់ពេលដែលអាចធ្វើទៅបាន ដោយរួមចំណែកដល់ការបម្រុងឈាមក្នុងគោលបំណងសង្គ្រោះបន្ទាន់ និងការព្យាបាល។ លោកក៏បានសម្តែងក្តីសង្ឃឹមថា កម្មវិធី «បរិច្ចាគឈាមមនុស្សធម៌» ក្រោមសារ «ដំណក់ឈាមមួយដំណក់ មួយលានបេះដូង» នឹងរីករាលដាលបន្ថែមទៀត។
ឈាមដែលបានបរិច្ចាគនឹងត្រូវរក្សាទុក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយបំពេញតម្រូវការឈាមសម្រាប់ការថែទាំសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនតែងតែជាអ្នកត្រួសត្រាយក្នុងការអនុវត្តគំនិតផ្តួចផ្តើមសង្គមសម្រាប់សហគមន៍។ គេរំពឹងថា នាពេលខាងមុខនេះ មិត្តហ្វូននឹងបន្តជំរុញចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងរៀបចំសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងសាមគ្គីភាព ការចែករំលែក និងការទទួលខុសត្រូវចំពោះសហគមន៍ និងសង្គមកម្ពុជា៕