(ប៉ារីស)៖ សមាជិកឈ្នះពានរង្វាន់ World Cup នៅឆ្នាំ២០១៨ គឺខ្សែប្រយុទ្ធ Antoine Griezmann បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំងចាប់ពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
Griezmann ដែលបានរួមចំណែកជួយមាន់គកបារាំង ដណ្តើមបានជើងឯក World Cup ជាលើកទី២ និងស្ថិតក្រោមការដឹកនាំដោយលោក Didier Deschamps ផងនោះ ចូលលេងបាន ១៣៧ប្រកួតជាមួយជម្រើសជាតិ ដោយស៊ុតបាន ៤៤គ្រាប់ទៀតផង និងជាអ្នកស៊ុតបាល់ប៉េណាល់ទីបាន ១គ្រាប់ផងដែរ ក្នុងចំណោមជ័យជម្នះ ៤-២ ទៅលើក្រូអាតកាលផ្តាច់ព្រ័ត្រដែលបានធ្វើឡើងនៅទីក្រុង Moscow ប្រទេសរុស្ស៊ី។
បន្ថែមលើនេះ Griezmann ដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបអេស្ប៉ាញ Atletico Madrid ក៏បានឈ្នះពានលីគអឺរ៉ុប UEFA Nations League កាលឆ្នាំ២០២១ ជាមួយបារាំងទៀតផង។
Griezmann ក៏ជាកីឡាករមួយរូប ក្នុងចំណោម ២៦នាក់របស់បារាំង ដែលបានបង្ហាញខ្លួនកាលផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតា ជាទីដែលមាន់គកមួយនេះបានចាញ់អាហ្សង់ទីន ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ក្នុងដំណើរស្វែងរកជ័យជម្នះពានពិភពលោកនេះជាលើកទី៣ របស់ពួកគេ៕