(ម៉ាឌ្រីដ)៖ កីឡាករចាំទី Thibaut Courtois នឹងអវត្តមានពីក្លិប Real Madrid នៅពេលពើបប្រទះនឹង Lille ដើម្បីលេងពានអឺរ៉ុប UEFA Champions League ក្នុងសប្តាហ៍នេះ បន្ទាប់ពីជួបបញ្ហារបួសក្រលៀនរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះ បានរងរបួសក្រលៀនខាងឆ្វេង នៅក្នុងជំនួប Derby កាលពីរាត្រីថ្ងៃអាទិត្យទល់នឹង Atletico Madrid ដែលបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ក្នុងលីគ La Liga ជើងទី១។
ការអវត្តមានរបស់ Courtois អ្នកចាត់ការទូទៅ លោក Carlo Ancelotti ទំនងប្រើប្រាស់កីឡាករអន្តរជាតិអ៊ុយក្រែន Andriy Lunin ចូលចាំជំនួសវិញ ដ្បិតត្រូវប៉ះក្រុមបារាំង Lille នៅរាត្រីថ្ងៃពុធខានស្អែកនេះ ក្នុងប្រកួតទី២ នៃពានរង្វាន់ UEFA Champions League គ្រាដែលខ្សែប្រយុទ្ធ Kylian Mbappe ក៏បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញ ដ្បិតខកខានកាលពីរាត្រីថ្ងៃអាទិត្យ ដោយសាររបួស។
នៅចាំបានថា Courtois ដែលបានអវត្តមានពីក្លិប Real Madrid ស្ទើរពេញមួយរដូវកាលមុន ដោយសាររបួសជង្គង់នោះ បានចូលលេងទាំង ១០ប្រកួតរបស់អធិរាជស សម្រាប់រដូវកាលឆ្នាំ២០២៤-២០២៥ នេះតែម្តង៕