(បរទេស)៖ លោក Samuel Eto’o ដែលបច្ចុប្បន្នកំពុងកាន់តួនាទី ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសកាមេរូន ត្រូវបាន FIFA ដាក់បម្រាមមិនឱ្យចូលរួមទស្សនាគ្រប់ការប្រកួតនានាទាំងអស់របស់កាមេរូន ចាប់ពីពេលនេះតទៅរយៈពេល ៦ខែ ក្រោយពេលរកឃើញល្មើសបម្រាមទៅនឹងស្ថាប័នកំពូលមួយនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសកាលនៅជាកីឡាករធ្លាប់លេងឱ្យក្លិបអាជីព FC Barcelona និងតោខៀវ Chelsea ផងនោះ ត្រូវបានគេរកឃើញថា បានធ្វើខុសក្នុងលក្ខខណ្ឌរបស់ FIFA ដែលមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Under-20 ស្រ្តីពិភពលោកវគ្គ ១៦ក្រុមរវាងស្រ្តីកាមេរូន និងប្រេស៊ីល កាលពីថ្ងៃទី១១ ខែកញ្ញា ដ្បិតក្រុមមកពីតំបន់អាមេរិកខាងត្បូងបានយកឈ្នះ ៣-១ ក្នុងម៉ោងថែម ១៥នាទី ២ដង។
យោងតាមសេចក្តីថ្លែងការណ៍របស់ FIFA ដែលបានឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ Eto’o ថាមិនបានផ្តល់តម្លៃដល់ការប្រកួតនៅឯទីក្រុង Bogota ប្រទេសកូឡុំប៊ី ជាទីដែលរូបគេបានចូលរួមទស្សនាដោយផ្ទាល់ផងនោះ។
នេះមានន័យថា បុរសវ័យ ៤៣ឆ្នាំ Eto’o នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនាគ្រប់ការប្រកួតទាំងបុរស និងស្រ្តី រួមទាំងឈុតយុវជនរបស់កាមេរូនគ្រប់កម្រិតទាំងអស់ចាប់ពីពេលនេះ ដល់៦ខែ ស្របពេលរូបគេ ក៏បានទទួលយកចំពោះការសម្រេចនេះដែរ៕