(ប៉ារីស)៖ Ousmane Dembele ត្រូវបានដកឈ្មោះចេញពីបញ្ជីកីឡាករនៃក្លិប Paris Saint Germain ជាបណ្តោះអាសន្ន ក្នុងការប៉ះ Arsenal រាត្រីនេះក្នុង Champions បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយគ្រូបង្វឹក លោក Luis Enrique នាពេលថ្មីៗនេះ។
ប្រភពពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំខាងលើនេះ បានស្តែងចេញអាកប្បកិរិយាមិនយល់ស្របជាមួយគ្រូបង្វឹក នៅពេលត្រូវបានប្តូរចេញនៅនាទីចុងម៉ោង នៃប្រកួតដែល PSG បានយកឈ្នះ Rennes ៣-១ នៅលីគ Ligue 1 កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន។
កីឡាករអន្តរជាតិបារាំង Dembele បានក្លាយជាតួអង្គសំខាន់របស់ Paris បន្ទាប់ពីការចាកចេញរបស់ Kylian Mbappe ទៅកាន់ក្លិប Real Madrid រដូវកាលនេះ។
ទាក់ទិនទៅនឹងការដកបញ្ឈរជើងតារាជើងស៊ុតនេះដែរ លោក Luis Enrique បានគូសបញ្ជាក់ថា «នរណាក៏ដោយ ប្រសិនពុំមានការគោរពចំពោះលំណែនាំរបស់ក្រុមទេ វាស្មើនឹងពួកគេ នឹងមិនរួចរាល់សម្រាប់ការប្រកួតឡើយ។ ខ្ញុំចង់ឱ្យកីឡាករគ្រប់រូបរបស់ខ្ញុំត្រៀមខ្លួនរួចរាល់ មិនធ្វើខ្លួនដូច Dembele ដែលត្រូវបានខ្ញុំដកចេញ។ ខ្ញុំចង់ឱ្យក្រុមរបស់ខ្ញុំ ក្លាយជាក្រុមល្អបំផុត ព្រោះជាកិច្ចការរបស់ខ្ញុំត្រូវធ្វើ»។
គួរបញ្ជាក់ផងថា ក្រុមជើងឯកលីគ PSG របស់បារាំង នឹងពើបប្រទះកាំភ្លើងធំ Arsenal នៅរាត្រីថ្ងៃអង្គារនេះ ក្នុងប្រកួតសន្សំពិន្ទុលើកទី២ ជើងទី១ ក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League 2024-2025 ធ្វើឡើងនៅកីឡដ្ឋាន Emirates ប្រទេសអង់គ្លេស៕