(បរទេស)៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាក្រុមហ៊ុន Hauwei ហាក់មានសន្ទុះឡើងវិញលើការលក់ស្មាតហ្វូនរបស់ខ្លួន ខណៈពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសបង្កើនការផលិតស្មាតហ្វូនដែលអាចបត់បានម៉ូដែល Mate X6 បន្ថែម។ មូលហេតុដែលបន្ថែមការផលិត ព្រោះម៉ូដែលនេះមានសន្ទុះគាំទ្រខ្លាំងនៅលើទីផ្សារស្មាតហ្វូន។
បើតាមការចញផ្សាយពីគេហទំព័រ Ewoldmagz បានឲ្យដឹងថា ក្រុមហ៊ុន Huawei កំពុងបង្កើនការផលិត Mate X6 ។ ក្រុមហ៊ុនបានបន្ថែមការបញ្ជាទិញបន្ថែមទៀតទៅកាន់សង្វាក់ផ្គត់ផ្គង់ ដោយមានគោលបំណងគ្រប់គ្រងទីផ្សារទូរស័ព្ទដែលអាចបត់បាននៅក្នុងប្រទេសចិនឲ្យបានកាន់តែប្រសើរឡើង និងដើម្បីជៀសវាងបញ្ហាកង្វះការផ្គត់ផ្គង់។ ការកើនឡើងភ្លាមៗនៃការបញ្ជាទិញដើម្បីត្រៀមផលិតឲ្យបានច្រើននេះទៀតសោត ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ថា អាចនឹងត្រៀមបង្ហាញទូរស័ព្ទដែលអាចបត់បាន Mate X6 នៅក្នុងខែវិច្ឆិកា ក៏ថាបាន។
គួរជម្រាបថា កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានបើកដំណើរការ Mate X5 នៅខែកញ្ញា ឆ្នាំ២០២៣ គឺមួយខែបន្ទាប់ពីការបង្ហាញស៊េរី Mate 60។ យ៉ាងណាមិញ សម្រាប់វត្តមានស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុន Huawei ក៏អាចនឹងប្រើប្រាស់នូវកម្មវិធី Pioneer Program ដើម្បីប្រកាសចេញលក់នៅលើទីផ្សារ ដូចម៉ូដែលមុនៗផងដែរ៕