(បរទេស)៖ ថ្មីៗនេះរោងចក្រផ្គត់ផ្គង់ iPhone ដ៏ធំបំផុតមួយនៅប្រទេសឥណ្ឌាគឺ Tata Electronics ត្រូវបានគេរាយការណ៍មកថា បានឆាបឆេះ និងបណ្តាលឱ្យផ្អាកដំណើរការផលិតជាបណ្តោះអាសន្ន ខណៈក្នុងហេតុការណ៍នោះមិនមានបុគ្គលិករងរបួសនោះទេ។ ទាក់ទិននឹងបញ្ហានេះ មន្ត្រីរដ្ឋ Tamil Nadu បានឱ្យដឹងថា អាជ្ញាធរឥណ្ឌានឹងចាប់ផ្តើមបើកការស៊ើបអង្កេតកោសល្យវិច្ឆ័យលើមូលហេតុអគ្គីភ័យដែលបានកើតឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
រោងចក្រផ្គត់ផ្គង់ iPhone ដ៏ធំនោះមានទីតាំងស្ថិតនៅទីក្រុង Hosur រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។ យ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីករណីឆាបឆេះនេះទាំង Tata Electronics និង Apple មិនបានឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយពី Reuters នោះទេ។
ឧប្បត្តិហេតុនេះ គឺជារឿងចុងក្រោយបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ Apple នៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនយក្សអាមេរិកនេះកំពុងបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនលើសពីប្រទេសចិន ហើយដែលខ្លួនមើលឃើញថាជាទីផ្សាររីកចម្រើនបំផុតមួយ។ យោងតាមមន្ត្រីពន្លត់អគ្គីភ័យម្នាក់បានប្រាប់ Reuters ថាប្រភពអគ្គីភ័យនៅរោងចក្រ Tata Electronics គឺចេញមកពីកន្លែងផ្ទុកសារធាតុគីមី។ នៅក្នុងហេតុការណ៍នោះមិនបានបង្កឱ្យមានបុគ្គលិកស្លាប់ និងរងរបួសធ្ងន់នោះទេ ប៉ុន្តែមានបុគ្គលិកប្រហែល ១១នាក់បានជួបការថប់ដង្ហើម និងកំពុងស្ថិតនៅមន្ទីពេទ្យ។
គួរជម្រាបថា អាជ្ញាធរឥណ្ឌា បានបញ្ជូនក្រុមធ្វើកោសល្យវិច្ច័យពីរដ្ឋធានី Chennai ទៅត្រួតពិនិត្យ ហើយមកទល់ពេលនេះនៅមិនទាន់ច្បាស់នៅឡើយនោះទេថាតើ ករណីឆាបឆេះនេះបានប៉ះពាល់ដល់អគារជុំវិញនោះ ឬអត់ ដែលមួយក្នុងចំណោមនោះជាអគារថ្មីគ្រោងនឹងចាប់ផ្តើមដំឡើង iPhone នៅចុងឆ្នាំនេះ៕