(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនគ្រោងហៅបុគ្គលិកផ្នែកដឹកជញ្ជូន និងឃ្លាំងចំនួន ២៥០,០០០នាក់ត្រឡប់មកធ្វើការវិញ ក្នុងរដូវកាលនៃថ្ងៃឈប់សម្រាកខាងមុខ ដែលជាចំនួនដូចគ្នាកាលពីឆ្នាំមុន ខណៈការហៅមកធ្វើការវិញនេះ បន្ទាប់ពីមានការរំពឹងថាការលក់នឹងកើនឡើងនៅថ្ងៃឈប់សម្រាកនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៤នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

លោក Sandy Gordon អនុប្រធានប្រតិបត្តិការសកលនៅ Amazon បាននិយាយថា «ទោះបីជាមានការរំពឹងទុកនៃការកើនឡើងតម្រូវការទិញពីអតិថិជន និងបរិមាណនៃការលក់ក៏ដោយ យើងមានអារម្មណ៍ថាបុគ្គលិកចំនួន២៥ម៉ឺននាក់ គឺជាចំនួនត្រឹមត្រូវដើម្បីបន្តភាពរីកចម្រើន ជាមួយនឹងប្រតិបត្តិការរបស់យើង»។ ទោះជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា តើភាគរយនៃកម្មករចំនួន២៥ម៉ឺននាក់ ដែលរួមមានបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលរៀបចំទំនិញ មជ្ឈមណ្ឌលបំពេញ និងស្ថានីយ៍ចែកចាយ នឹងស្ថិតនៅក្នុងមជ្ឈមណ្ឌលបំពេញការងារ ឬបុគ្គលិកដឹកជញ្ជូន។ យោងតាមអ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងថា បុគ្គលិកដឹកជញ្ជូន នឹងមិនរាប់បញ្ចូលដៃគូសេវាកម្មដឹកជញ្ជូន ឬក្រុមរបស់ពួកគេឡើយ។

គួរជម្រាបថា អ្នកនិយមទិញឥវ៉ាន់តាមអ៊ីនធឺណិត ត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ខ្ទង់ ២៤០.៨ ពាន់លានដុល្លារ កើនឡើង ៤.៩% ធៀបនឹងឆ្នាំមុន។ ការចំណាយលើវិស្សមកាលកាន់តែទូលំទូលាយ ត្រូវបានគេរំពឹងថានឹងកើនឡើងតិចតួចនៅ ៣.២%។ នេះបើយោងតាមការព្យាករណ៍របស់ Mastercard៕