(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្ស Tesla ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងបង្ហាញកំណែថ្មីចំនួន ៤នៃបច្ចេកវិទ្យាអាគុយ 4680 ដែលផលិតដោយខ្លួនឯងផ្ទាល់នៅឆ្នាំ២០២៦ ខាងមុខ ខណៈវានឹងផ្តល់ថាមពលដល់រថយន្តជាច្រើនរួមទាំង Cybertruck និង robotaxi ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។
Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏លេចធ្លោរបំផុតនៅលើពិភពលោក និងស្ថិតក្រោមការដឹកនាំរបស់កំពូលមហាសេដ្ឋីប្រាក់ពាន់លានលោក Elon Musk។ បច្ចុប្បន្នប្រភពភាគច្រើននៃអាគុយរថយន្តអគ្គិសនីរបស់ Tesla គឺទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុនធំៗដូចជា Panasonic Energy និង LG Energy ជាដើម។ ប៉ុន្តែតាមរយៈប្រកាសចុងក្រោយនេះ ក្រុមហ៊ុនយក្សអាមេរិកត្រូវបានគេមើលឃើញថា ទំនងជាចង់កាត់បន្ថយចំណាយ និងសម្លឹងមើលការបង្កើនប្រាក់ចំណេញជំនួសវិញ។
យ៉ាងណាមិញគម្រោងផលិតអាគុយបស់ Tesla ហាក់មិនងាយស្រួលនោះទេ ដោយរបាយការណ៍បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកនេះ បានជួបប្រទះបញ្ហាប្រឈមក្នុងការផលិតយ៉ាងសំខាន់ជាមួយនឹងកោសិកាអាគុយ 4680 របស់ខ្លួនដែលត្រូវបានគេរាយការណ៍ថាបានបាត់បង់ពី ៧០ ទៅ ៨០ភាគរយ នៃ cathodes កំឡុងពេលដំណើរការសាកល្បង ដែលផ្ទុយស្រឡះពីក្រុមហ៊ុនផលិតអាគុយធម្មតា ដែលជាធម្មតាឃើញការខាតបង់ក្រោម ២ភាគរយប៉ុណ្ណោះ។ cathode គឺជាធាតុផ្សំដ៏សំខាន់នៃអាគុយរថយន្តអគ្គិសនី (EV) និងដើរតួរយ៉ាងសំខាន់ក្នុងការបង្កើតថាមពល។
តែយ៉ាងណាជុំវិញព័ត៌មានម្អិត Tesla នៅមិនទាន់មានការឆ្លើយតបណាមួយទៅនឹងសំណើររបស់ Reuters នៅឡើយនោះទេ។
គួរជម្រាបថា Tesla មានបំណងដាក់បង្ហាញ cathodes ស្ងួតនៅក្នុងអាគុយរថយន្ត Cybertruck ជាលើកដំបូងនៅពាក់កណ្តាលឆ្នាំក្រោយនេះ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនគ្រោងនឹងផលិតរថយន្ត Cybertruck ចន្លោះពី ២,០០០ ទៅ ៣,០០០គ្រឿងក្នុងមួយសប្តាហហ៍ដោយប្រើបច្ចេកវិទ្យា dry-coating ថែមទៀតផង។ ប្រភពបានឱ្យដឹងទៀតថា នៅឆ្នាំ២០២៦ Tesla នឹងបង្ហាញកំណែអាគុយ 4680 ទាំង ៤របស់ខ្លួនដែលស្រោបដោយ cathode ស្ងួត ដែលមួយក្នុងចំណោមនោះមានឈ្មោះកូដ NC05 នឹងផ្តល់ថាមពលដល់រថយន្តបើកបរដោយស្វ័យប្រវត្ថិ ឬ robotaxi៕