(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ក៏មានឈ្មោះក្នុងបញ្ជី ២៦នាក់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវត្រៀមលេងមិត្តភាពជាមួយក្រុមឆៃនីសតៃប៉ិ Chinese Taipei និងជាមួយក្រុមហុងកុង ក្នុងនោះកីឡាករមកពីក្លិបព្រះខ័នរាជស្វាយរៀង ទទួលបានការទុកចិត្តចំនួន ៨នាក់ច្រើនជាងគេ, នេះបើតាមការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ។
សូមជម្រាបផងថា ស្ថិតក្នុងបញ្ជីរាយនាមប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Koji Kyotoku ឃើញថាមានជម្រើសខ្សែប្រយុទ្ធចំនួន ៦នាក់ មានដូចជាកីឡាករ សៀង ចន្ធា, យាន់ សុប៉ិន, ប្រាក់ ធីវ៉ា, លឹម ពិសុទ្ធ, សារ ទី និងកីឡាករ ញាណ សុស៊ីដាន ។
បញ្ជាក់ផងថា នេះជាការបង្ហាញពីបញ្ជីរាយនាមកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ដែលក្រុមជម្រើសជាតិកម្ពុជា នឹងប៉ះជាមួយក្រុមឆៃនីសតៃប៉ិ Chinese Taipei ដែលនឹងប្រព្រឹត្តទៅនថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) និងជួបជាមួយហុងកុង Hong Kong, China ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហុងកុង ៕