(បរទេស)៖ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍អាមេរិក Cisco ត្រូវបានរាយការណ៍មកថា គ្រោងវិនិយោគជាទឹកប្រាក់ចំនួន២៣ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ដ៏ធំមួយឈ្មោះថា CoreWeave។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ក្រុមហ៊ុន CoreWeave ដែលមាន Nvidia នៅពីក្រោយ ត្រូវបានគេដឹងថាបានបង្កើតភាពជាដៃគូជាមួយការចាប់ផ្តើមអាជីវកម្ម AI និងអ្នកផ្តល់សេវាកម្ម Cloud ជាដើម ដែលសុទ្ធសឹងតែមានការប្រកួតប្រជែងក្នុងទីផ្សារ ដើម្បីបង្កើតចង្កោមដែលត្រូវបានរចនាឡើង ដើម្បីផ្តល់ថាមពលដល់បន្ទុកការងារ AI ។ នាយកប្រតិបត្តិ CoreWeave លោក Michael Intrator បានពិភាក្សាអំពីប្រតិបត្តិការបន្ទាប់បន្សំដែលនឹងអនុញ្ញាតឱ្យម្ចាស់ភាគហ៊ុនដែលមានស្រាប់ អាចលក់ភាគហ៊ុនបានដល់ទៅ ៥០០លានដុល្លារ។ នេះបើយោងតាម Bloomberg News បានរាយការណ៍កាលពីខែកញ្ញាកន្លងទៅ។
ភាពរីកចម្រើន និងការរីកដុះដាលនៃកម្មវិធីបញ្ញាសិប្បនិមិត្ត AI ដូចជា ChatGPT និងការបណ្តុះបណ្តាលគំរូភាសាធំៗ បានជំរុញឱ្យមានតម្រូវការសម្រាប់សេវាកម្ម cloud-computing។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បាននឹងកំពុងវិនិយោគយ៉ាងច្រើន ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ក្នុងន័យគាំទ្រដល់ការអភិវឌ្ឍន៍ AI។ យ៉ាងណាមិញ ជុំវិញគម្រោងវិនិយោគថ្មីនេះ Cisco មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយទេ ខណៈដែល CoreWeave បានបដិសេធការអត្ថាធិប្បាយ៕