(បរទេស)៖ អគ្គមេធាវីរដ្ឋតិចសាស់លោក Ken Paxton នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង TikTok ដោយចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិននេះបានរំលោភលើច្បាប់ឯកជនភាពរបស់កុមារ ដោយមានការចែករំលែកព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួន ដោយគ្មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់ពួកគេ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា បណ្តឹងដែលដាក់ដោយលោក Paxton គឺអាចឈានដល់ពិន័យរដ្ឋប្បវេណីរហូតដល់ ១០,០០០ដុល្លារ សម្រាប់ការបំពាននីមួយៗ ក្រោមច្បាប់ធានាសុវត្ថិភាពកុមារតាមអ៊ីនធឺណិត តាមរយៈច្បាប់ផ្តល់សិទ្ធិអំណាចមាតាបិតា (SCOPE)។ ការផាកពិន័យនេះរាប់ញ្ចូលទាំងការចែករំលែក ឬលក់ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់កុមារ ដូចជាឈ្មោះ និង usernames ដោយគ្មានការអនុញ្ញាតពីអាណាព្យាបាលេជាដើម។
លោក Paxton បាននិយាយថាក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់ TikTok ហាក់ព្រងើយកន្តើយ និងមិនបានរឹតបន្តឹងលើឯកជនភាព និងការកំណត់គណនីរបស់កុមារនោះទេ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មជាគោលដៅលើគណនីរបស់កុមារ និងអនុញ្ញាតឱ្យចែករំលែកព័ត៌មានសូម្បីតែគណនីដែលបានកំណត់ទៅជា «Private» ហើយក៏ដោយ។ លោកបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា TikTok និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតត្រូវតែទទួលខុសត្រូវចំពោះការកេងប្រវ័ញ្ចលើកុមារនៅរដ្ឋតិចសាស់ និងការខកខានក្នុងការផ្តល់អាទិភាពដល់សុវត្ថិភាព និងឯកជនភាពតាមអ៊ីនធឺណិតរបស់អនីតិជន។
គួរជម្រាបថា បណ្តឹងនេះត្រូវបានដាក់នៅតុលាការរដ្ឋតិចសាស់ Galveston County។ យ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀត TikTok នៅមិនទាន់មានការឆ្លើយតបទៅនឹងសំណើរសុំការអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ៕