(តូរីន)៖ ខ្សែបម្រើ Paul Pogba នឹងមានឱកាសបង្ហាញខ្លួនលើទីលានវិញ នាអំឡុងខែមករា ឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីទទួលបានជោគជ័យពីការប្តឹងទំទាស់ទៅតុលាការកីឡា (Cas) រួចមកពីបម្រាមដកបញ្ឈរជើង ៤ឆ្នាំរបស់លោករួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
នៅចាំបានថា តារា World Cup 2018 ជាមួយមាន់គកបារាំង ត្រូវបានស្ថាប័នប្រឆាំងសារធាតុញៀនអ៊ីតាលី (Nado) ដកបញ្ឈរជើងរយៈពេល ៤ឆ្នាំនាអំឡុងខែកុម្ភៈ និងក្រោយមកត្រូវបន្ថយមកនៅត្រឹម ១៨ខែវិញ ពីបទរកឃើញមានការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុលើកកម្លាំង នាអំឡុងលេងឱ្យសេះបង្កង់ Juventus។
នេះមានន័យថា Pogba វ័យ ៣១ឆ្នាំ នឹងអាចចូលទីលាន ដើម្បីហ្វឹកហាត់ចាប់ពីខែមករា ឆ្នាំ២០២៥ និងចូលប្រកួតផ្លូវការបានវិញនាអំឡុងខែមីនាខាងមុខ។
អតីតកីឡាករក្លិបអង់គ្លេស Manchester United រូបនេះ បានប្តឹងជំទាស់ និងបង្ហាញភស្តុតាងករណីរបស់លោកទៅ Cas និងទទួលបានជោគជ័យក្នុងសវនការនាដើមរដូវក្តៅនេះ ដែលដំបូងឡើយ Pogba ត្រូវរង់ចាំដល់ឆ្នាំ២០២៧ ពោលគឺមានអាយុ ៣៤ឆ្នាំ ទើបរួចផុតបម្រាម៕