(ព្រុចសែល)៖ ខ្សែបម្រើនាំលេងរបស់ក្លិបមេឃខៀវ Manchester City គឺ Kevin de Bruyne បានស្នើសុំដកខ្លួនពីជម្រើសជាតិប៊ែលហ្ស៊ិមួយរយៈពេល ដ្បិតបញ្ហារបួសរបស់លោកមិនទាន់ជាសះស្បើយ ១០០%។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករវ័យ ៣៣ឆ្នាំដែលបញ្ជូនបាល់ច្បាស់ៗ បានផ្តើមចូលលេងឱ្យជម្រើសជាតិបិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិក នាអំឡុងឆ្នាំ២០១០ មកនោះ បានជួបបញ្ហារបួសភ្លៅជាទម្ងន់ និងត្រូវការរយៈពេលយូរផងដែរ ដើម្បីព្យាបាល នៅក្នុងអំឡុងពេល Man City បានប្រកួតស្មើលទ្ធផល ០-០ ក្នុងពានរង្វាន់ UEFA Champions League 2024-2025 កាលពីខែកញ្ញា។
តាំងពីមានរបួស De Bruyne បានអវត្តមាន ៤ប្រកួតមកហើយពីមេឃខៀវ និងរំពឹងវិលចូលទីលានវិញនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខ។
តែយ៉ាងណា De Bruyne បានដាក់សំណើសុំដកខ្លួនពីជម្រើសជាតិមួយរយៈបន្ថែមទៀត ក្នុងប្រកួតដែលប៊ែលហ្ស៊ិក ត្រូវប៉ះអ៊ីតាលី និងបារាំង នាចុងខែនេះ ក្នុងព្រឹត្តិការណ៍ UEFA Nations League 2024-2025 ស្របពេលលោក Tedesco បានលើកឡើងថា Kevin de Bruyne នៅតែមានការប្តេជ្ញាចិត្តក្នុងការលេងឱ្យជម្រើសជាតិប៊ែលហ្ស៊ិកដដែល៕