(បរទេស)៖ ក្រុមហ៊ុន Meta ដែលជាម្ចាស់របស់កម្មវិធី Facebook នោះបានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានបង្កើតគំរូ AI ថ្មីមួយដែលមានឈ្មោះថា «Movie Gen» មានសមត្ថភាពអាចបង្កើតវីដេអូ និងសំឡេងបាន ដើម្បីឆ្លើយតបទៅនឹងការពេញនិយមរបស់អ្នកប្រើប្រាស់ ខណៈក្រុមហ៊ុនអះអាងថា វាអាចប្រកួតប្រជែងនឹងឧបករណ៍ពីជំនាន់ថ្មីឈានមុខគេរបស់ក្រុមហ៊ុន OpenAI និង ElevenLabs បាន។ គំរូ AI «Movie Gen» ដែលផ្តល់ដោយ Meta នេះ បានបង្ហាញវីដេអូនៃសត្វហែលទឹក និងជិះទូកលេង ក៏ដូចជាវីដេអូដែលប្រើប្រាស់រូបថតពិតរបស់មនុស្ស ដើម្បីពណ៌នូវរឿងរ៉ាវដែលអ្នកប្រើប្រាស់ចង់បាន។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា «Movie Gen» ក៏អាចបង្កើតតន្ត្រី និងបែបផែនសំឡេងបានផងដែរ តាមរយៈខ្លឹមសារដែលអ្នកប្រើប្រាស់បង្កើតឡើង។ វីដេអូដែលបង្កើតដោយ Movie Gen អាចមានរយៈពេលរហូតដល់ ១៦វិនាទី ខណៈសំឡេងអាចមានរយៈពេលរហូតដល់ ៤៥វិនាទី។ អ្នកនាំពាក្យ Meta បាននិយាយថា ក្រុមហ៊ុនទំនងជាមិនបញ្ចេញ «Movie Gen» សម្រាប់ការប្រើប្រាស់ដោយបើកចំហរនោះទេ ព្រោះវាមានជាមួយនឹងស៊េរី Llama នៃម៉ូដែលភាសាធំៗ ដោយនិយាយថាក្រុមហ៊ុននឹងពិចារណាហានិភ័យនៃកម្មវិធីនេះជាមុនសិន។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន Meta បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការវាយតម្លៃសម្រាប់ Movie Gen នៅពេលនេះនោះទេ។
គួរជម្រាបថា ការប្រកាសនេះពីគំរូ AI ថ្មីខាងលើកើតឡើងនៅពេលដែលហូលីវូដកំពុងពេញនិយមជាមួយរបៀបបង្កើតបច្ចេកវិទ្យាវីដេអូ AI នៅឆ្នាំនេះ បន្ទាប់ពី ក្រុមហ៊ុន OpenAI នៅក្នុងខែកុម្ភៈកន្លងទៅ បានបង្ហាញពីរបៀបដែល AI របស់ខ្លួនឈ្មោះថា «Sora» អាចបង្កើតវីដេអូដែលមានលក្ខណៈដូចខ្សែភាពយន្ត ដោយគ្រាន់តែប្រើប្រាស់អត្ថបទ៕