(ភ្នំពេញ)៖ ជាមួយនឹងបទពិសាធន៍យូរឆ្នាំក្នុងវិស័យសិល្បៈចម្រៀង បេក្ខជន នួន បូរ៉ា បានខិតខំពុះពារគ្រប់ឧបសគ្គ និងលើកទឹកចិត្តខ្លួនឯងក្នុងការចូលរួមប្រកួតក្នុងកម្មវិធី Cambodia idol រដូវកាលទី៥ ខណៈមកទល់ពេលនេះ បូរ៉ា បានឈានដល់វគ្គ Live Show សប្តាហ៍ទី២ហើយ នាថ្ងៃអាទិត្យទី០៦ ខែតុលា ឆ្នាំ២០២៤នេះ។ តែយ៉ាងណាបេក្ខជនមកពីរាជធានីភ្នំពេញរូបនេះ នៅតែត្រូវការការលើកទឹកចិត្តបន្ថែមទៀតពីអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិគ្រប់គ្នា ពិសេសគឺការបោះឆ្នោតជូនទៅកាន់បេក្ខជនរូបនេះ ដែលលេខសម្គាល់ខ្លួនកម្មវិធីនឹងអោយនៅថ្ងៃប្រឡង ដើម្បីផ្តល់ឱកាសឡើងទៅវគ្គបន្តបន្ទាប់ទៀត។

* តើបេក្ខជន នួន បូរ៉ា មានប្រវត្តិតស៊ូយ៉ាងណាខ្លះ?
តារាចម្រៀវវ័យក្មេង នួន បូរ៉ា កើតនៅឆ្នាំ១៩៩៥ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ ជាសិស្សមួយរូបនៅសាលាបឋមសិក្សាកូលាបទី១ បូរ៉ា មាននិស្ស័យខាងចម្រៀងតាំងពីកុមារ ហើយតែតែងច្រៀងលេងក្នុងថ្នាក់រៀន ជាមួយមិត្តភក្តិជារឿយៗ ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងមិត្តភក្តិ តែងតែលើកសរសើរថា បូរ៉ា ពិតជាច្រៀងមានទឹកដមសំឡេងពីរោះ។ បូរ៉ា នៅអាយុ១៣ឆ្នាំ ធ្លាប់បានចូលរួមប្រឡងកម្មវិធីចម្រៀង នៅស្ថានីយទូរទស្សន៍មួយ ទទួលបានចំណាត់ថ្នាក់លេខ១ មិនយូរប៉ុន្មាន យុវភាពក៏ឈានមកដល់ បូរ៉ា ក៏មានឱកាសបានបញ្ចេញសមត្ថភាពចម្រៀងនៅផ្សាររាត្រី។ ក្នុងរយៈពេលជាង១ឆ្នាំ ប្រជាប្រិយភាពរបស់ បូរ៉ា ក៏ចាប់ផ្តើមមានពន្លឺបន្តិចម្តងៗ រហូតមានឱកាសបានឡើងច្រៀងនៅស្ថានីយទូរទស្សន៍ My TV, CTN។ ចាប់ពីពេលនោះហើយដែល បូរ៉ា កាន់តែមានមនោសញ្ចេតនាក្នុងអាជីពជាអ្នកសិល្បៈ និងខិតខំសម្រេចក្តីស្រមៃជាអ្នកសិល្បៈមួយរូប។ រយៈពេលជាង១០ឆ្នាំមកនេះ បូរ៉ា មិនដែលឃ្លាតឆ្ងាយពីការងារជាអ្នកសិល្បៈនោះឡើយ ពោលអាចនិយាយបានថា មានបទពិសោធន៍គួរសមក្នុងវិស័យសិល្បៈចម្រៀង ខណៈប្រជាប្រិយភាពក៏កាន់តែរីកសាយជាងមុនដែរ។

* ការឈានចូលប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៥៖
ជារឿយៗ បូរ៉ា តែងចូលចិត្តមើលកម្មវិធីប្រឡងជាច្រើន ដូចជាកម្មវិធី The Voice Cambodia កម្មវិធី Cambodian Idol កម្មវិធី Beat the Best Cambodia កម្មវិធី X Factor Cambodia ជាដើម ហើយចង់ចូលរួមប្រឡងនឹងគេដែរ។ រហូតកម្មវិធី Cambodian Idol រដូវកាលទី៥ ឈានមកដល់ទើប នួន បូរ៉ា សម្រេចដាក់ពាក្យតាមបណ្ដាញ Telegram ជាមួយកម្មវិធី ដើម្បីបានចូលរួមប្រឡងនឹងគេនៅវគ្គ Judge Audition ហើយកម្មវិធីក៏បានជូនដំណឹងទៅរូបគេ អនុញ្ញាតឱ្យចូលរួមប្រឡងបាន។ នួន បូរ៉ា ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះរូបគេបានឈានចូលក្នុងក្ដីស្រមៃដែលប៉ងមកជាយូរមកហើយ គេពិតជាខិតខំហាត់សមនូវចម្រៀងជាប្រចាំ ទោះបីមិនមានគ្រូជួយប្រាប់ជួយពត់តម្រង់ ឬ Studio សម្រាប់ការហាត់សមនោះក៏ដោយ បូរ៉ា បានសមជាមួយក្រុមការងាររៀបចំកម្មវិធី Cambodian Idol រដូវកាលទី៥ តាំងពីវគ្គដំបូង រហូតដល់វគ្គ Live Show សប្តាហ៍ទី២។

គ្រប់គ្នាបានលើកទឹកចិត្តដល់ នួន បូរ៉ា យ៉ាងខ្លាំង ទាំងនៅលើបណ្ដាញសង្គម Facebook, YouTube, Telegram និងគេហទំព័រព័ត៌មាននានា។ បូរ៉ា ក៏មានការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ ដើម្បីជួយពូនជ្រែងបេក្ខជនរូបនេះបន្តទៅវគ្គបន្តបន្ទាប់ទៀត ជាមួយនឹងកម្លាំងលើកទឹកចិត្ត និងស្មារតីយ៉ាងក្លៀវក្លា។

បេក្ខជនមកពីរាជធានីភ្នំពេញរូបនេះ បានអំពាវនាវដល់លោកតាលោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូន ក៏ដូចជាអ្នកគាំទ្រទាំងអស់សូមផ្ដល់ការគាំទ្រ និងបន្តការគាំទ្រចំពោះរូបគេតទៅទៀត ខណៈរូបគេក៏បានប្ដេជ្ញាចិត្តខិតខំហ្វឹកហាត់បន្តទៀត ដើម្បីធ្វើឱ្យបានល្អក្នុងការប្រឡងនៅវគ្គបន្តបន្ទាប់ទៀត។ បូរ៉ា សង្ឃឹមថានឹងបានកសាងជីវភាពសមរម្យមួយលើវិថីជាអ្នកចម្រៀង និងធ្វើជាសិល្បករមួយរូប ដែលជួយផ្សព្វផ្សាយពីតម្លៃសិល្បៈជាតិ៕