(បរទេស)៖ អ្នកនាំពាក្យក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់មេធំ Alphabet បាននិយាយថានៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុនកំពុងធ្វើតេស្តសាកល្បងលើគំរូផ្ទៀងផ្ទាត់សញ្ញាធីក ឬហៅថា Verified នៅលើគណនីក្រុមហ៊ុនមួយចំនួននៅក្នុងលទ្ធផលស្វែងរករបស់ខ្លួន ក្នុងគោលបំណងជួយអ្នកប្រើប្រាស់កំណត់អត្តសញ្ញាណអាជីវកម្មដែលអាចទុកចិត្តបាន និងជៀសវាងគេហទំព័រក្លែងបន្លំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។
អ្នកនាំពាក្យដដែលនោះបានលើកឡើងថា សញ្ញាធីកពណ៌ខៀវ ឬ blue checkmarks ត្រូវបានរចនាឡើងដើម្បីផ្តល់សញ្ញាថា គណនីនោះជាអាជីវកម្មស្របច្បាប់ ដោយហេតុនេះអាចជួយអ្នកប្រើប្រាស់មើលដឹងពីគណនីក្លែងបន្លំ និងគេហទំព័របោកប្រាស់។ «យើងពិសោធជាទៀងទាត់ជាមួយនឹងមុខងារដែលជួយអ្នកប្រើប្រាស់កំណត់អត្តសញ្ញាណអាជីវកម្មដែលគួរឱ្យទុកចិត្តនៅលើអ៊ីនធឺណិត ហើយយើងកំពុងដំណើរការការពិសោធន៍តូចមួយដែលបង្ហាញសញ្ញាធីកនៅជាប់នឹងអាជីវកម្មមួយចំនួននៅលើ Google»។
គួរជម្រាបថា បច្ចុប្បន្ននេះ Google បានប្រើប្រព័ន្ធស្វ័យប្រវត្តិរួចទៅហើយនៅក្នុងកម្មវិធីរបស់ខ្លួន ដើម្បីកំណត់អត្តសញ្ញាណទំព័រដែលមាន «scammy» ឬមាតិកាក្លែងបន្លំ និងរារាំងគណនីទាំងនោះមិនឱ្យបង្ហាញនៅក្នុងលទ្ធផលស្វែងរក។ ប្រភពពី The Verge បានរាយការណ៍ទាក់ទិននឹងរបាយការណ៍នេះថា ខ្លួនបានប្រទះឃើញការអភិវឌ្ឍន៍នេះនៅជាប់ជាមួយនឹងតំណភ្ជាប់គេហទំព័រផ្លូវការសម្រាប់ក្រុមហ៊ុនធំៗដូចជា Microsoft, Meta និង Apple នៅលើលទ្ធផលស្វែងរក។ ប៉ុន្តែ មានតែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះដែលអាចឃើញមុខងារនេះ ដោយបង្ហាញថា Google មិនបានធ្វើតេស្តទូលំទូលាយនោះទេ៕