(បរទេស)៖ iPhone SE4 បានក្លាយជាម៉ូដែលទូរស័ព្ទមួយដែលអ្នកនិយមប្រើប្រាស់កំពុងទន្ទឹងរងចាំ ខណៈពេលនេះទទួលដំណឹងមកថា ក្រុមហ៊ុន Apple បានផ្តើមបញ្ជារឲ្យមានការផ្គត់ផ្គង់អេក្រង់ប្រភេទ OLED សម្រាប់ iPhone SE ជំនាន់ថ្មីរបស់ខ្លួនហើយ។ ទន្ទឹមគ្នានេះ BOE ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ដ៏ធំរបស់ប្រទេសចិន គឺជាក្រុមហ៊ុនធំដែលទទួលបានសិទ្ធិទៅលើការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ស្មាតហ្វូនលំដាប់ថវិការបស់ Apple មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo។
ដំណឹងនៃការប្រើប្រាស់ប្រភេទអេក្រង់ OLED លើ iPhone SE ជំនាន់ថ្មីរបស់ Apple នៅពេលនេះកើតឡើងភ្លាមៗ បន្ទាប់ពីរបាយការណ៍ពី Bloomberg ដែលបាននិយាយថា Apple នឹងបញ្ចេញ iPhone SE 4 នៅដើមឆ្នាំក្រោយ។ iPhone SE ចុងក្រោយ ត្រូវបានគេដឹងថា បានចេញលក់ក្នុងខែមីនា ឆ្នាំ២០២២។ អ្នកវិភាគមួយចំនួនបានព្យាករណ៍ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នេះ នឹងមានកម្រ៉ាស់ស្តើងហើយនិងមានការឌីស្សាញស្រដៀងគ្នាចាមួយនិង iPhone 14 អ៉ីចឹង ដោយបូករួមទាំងអេក្រង់ edge-to-edge screen និងរន្ធ notch ដែលគេជឿជាក់ថា នឹងមកជាមួយនូវ Face ID ផងដែរ។
បន្ថែមពីនេះ iPhone SE ជំនាន់ថ្មីនេះ ក៏នឹងមានការទ្រទ្រង់នូវមុខងាថ្មី Apple Intelligence និងមានរ៉េមទំហំធំដល់ទៅ 8GB ថែមទៀតផង។ មុខងារ Apple Intelligence នេះ ទើបតែដាក់ឲ្យប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro, iPhone 15 Pro Max ហើយនិង iPhone 16 models ប៉ុណ្ណោះ៕