(កែប)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីរត់ភ្លើងគប់នៅខេត្តកែប ដើម្បីអបអរសាទរកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០តុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកានេះ។ ក្នុងនោះក្រុមហ៊ុន «វឌ្ឍនៈ ប្រ៊ូវើរី» ក៏បានបន្តឆន្ទៈចូលរួមគាំទ្រព្រឹត្តិការណ៍នេះជាលើកទី២ផងដែរ។
ព្រឹត្តិការណ៍កីឡាដែលរៀបចំធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ត្រូវបានធ្វើឡើង៣លើករួចមកហើយ ដែលលើកទី១នៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២ ដែលលើកទី៤នេះ ក្រសួងអប់រំ បានដាក់ចំនួន៣៦ប្រភេទកីឡា លើ២៨៣វិញ្ញាសា និង៧ប្រភេទកីឡា លើ៤៤វិញ្ញាសា សម្រាប់អត្ដពលិកប៉ារ៉ាឡាំពិក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានភេសជ្ជៈកីឡា វី អាកទីវ ក៏បានបន្តឆន្ទៈចូលរួមគាំទ្រវិស័យកីឡារបស់កម្ពុជា ដោយបានចូលរួមឧបត្ថម្ភកម្មវិធីប្រកួតដ៏សំខាន់នេះ ក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់យើង និងជម្រុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព៕