(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានប្រកាសពន្យាពេលការផលិតរថយន្តអគ្គិសនីប្រភេទ SUV កៅអី ៣ជួរជាលើកដំបូងរបស់ខ្លួននៅរោងចក្រសហរដ្ឋអាមេរិក ដោយជំរុញពេលពេលវេលាពីចុងឆ្នាំ២០២៥ រហូតដល់ ត្រីមាសទី១ ឆ្នាំ២០២៦ ឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ArenaEV។
រោងចក្រនេះ មានទីតាំងស្ថិតនៅទីក្រុង Georgetown រដ្ឋ Kentucky សហរដ្ឋអាមេរិក និងជាកន្លែងផលិតរថយន្តដ៏ធំបំផុតរបស់ក្រុមហ៊ុន Toyota នៅក្រៅប្រទេសជប៉ុន ហើយដើរតួយ៉ាងសំខាន់ក្នុងការផលិតរថយន្តម៉ូដែលផ្សេងៗរបស់ក្រុមហ៊ុន រួមទាំងរថយន្ត Camry និង RAV4 Hybrid ផងដែរ។ យ៉ាងណាមិញ ជុំវិញមូលហេតុនៃការពន្យាពេលផលិតរថយន្តអគ្គិសនីកៅអី ៣ជួរនេះរបាយការណ៍ពី Nikkei Asia បានឱ្យដឹងថា គឺដោយសារតម្រូវការនៃរថយន្តអគ្គិសនីធ្លាក់ចុះនៅទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុនធំៗដូចជា GM និង Ford ក៏សុទ្ធសឹងតែបានកាត់បន្ថយមហិច្ឆតាផលិតរថយន្តអគ្គិសនីរបស់ពួកគេផងដែរ។
គួរជម្រាបថា កាលពីដើមឆ្នាំនេះ Toyota បានបោះទុនប្រមាណ ១.៣ពាន់លានដុល្លារដើម្បីរៀបចំរចនាសម្ព័ន្ធរោងចក្រដំឡើងសម្រាប់ផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដែលជាផ្នែកមួយនៃការវិនិយោគសរុប ១០ពាន់លានដុល្លារនៅក្នុងរដ្ឋ Kentucky៕