(ម៉ាឌ្រីដ)៖ តាមរយៈជ័យជម្នះ ២-០ ទៅលើក្រុមភ្ញៀវ Villarreal បានញាំងឱ្យក្រុមការពារតំណែងជើងឯក Real Madrid បន្តកំណត់ត្រាលេងមិនចាញ់ក្នុងលីគនារដូវកាលនេះដដែល ដ្បិត Dani Cavajal ត្រូវបានសែងចេញពីទីលានផងដែរយប់មិញ ក្រោយជួបបញ្ហារបួសចុងម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា ក្រុមរបស់លោក Carlo Ancelotti នៅតែរក្សាបានលេងមិនចាញ់ក្នុងលីគ La Liga រដូវកាលឆ្នាំ២០២៤-២០២៥ ដូចទៅនឹងក្រុម Atletico Madrid ផងដែរ ក្រោយឆ្លងកាត់បាន ៩ប្រកួតមកនេះ នៅពេលក្រុមកំពូលតារាង FC Barcelona បានចាញ់ ១ប្រកួតហើយ។
កីឡាករអន្តរជាតិអ៊ុយរូហ្គាយ Federico Valverde និងប្រេស៊ីល Vinicius Junior បានរួមចំណែករកបានម្នាក់ ១គ្រាប់ នៅក្នុងកីឡដ្ឋាន Santiago Bernabeu នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៧ម៉ឺននាក់កាលពីរាត្រីថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួប ៩០នាទីពេញក្នុងទីក្រុង Madrid នោះដែរ ខ្សែការពារស្លាបស្តាំអេស្ប៉ាញ Dani Cavajal ត្រូវបានសែងចេញទីលានលាយឡំដោយទឹកភ្នែក ក្រោយរងរបួសជង្គង់ជាទម្ងន់ ដោយសារការប៉ះទង្គិចគ្នាជាមួយ Yeremy Pino របស់ Villarreal រួចមក។
តាមរយៈលទ្ធផលឈ្នះនេះដែរនាំឱ្យ Real មាន ២១ពិន្ទុស្មើជាមួយក្រុមកំពូលតារាង Barcelona ដ្បិតក្រុមរបស់លោក Hansi Flick នឹងនាំមុខដាច់ ៣ពិន្ទុវិញ ប្រសិនបើពួកគេអាចយកឈ្នះម្ចាស់ផ្ទះ Alaves នៅរាត្រីថ្ងៃអាទិត្យនេះ៕