(ភ្នំពេញ)៖ ស្ទើរតែគ្រប់ប្រទេសអភិវឌ្ឍទាំងអស់នៅលើសកលលោក ចំណូលពន្ធ គឺជាមានភាពចាំបាច់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ និងធានានិរន្តរភាព ស្ថានភាពថវិការបស់ប្រទេសជាតិទាំងមូល ហេតុដូចនេះ រដ្ឋបាលសារពើពន្ធ បានកែសម្រួលប្រព័ន្ធពន្ធដារ ដែលទទួលបានការទុកចិត្តពីអ្នកជាប់ពន្ធ និងចូលរួមគោរពប្រតិបត្តិ ច្បាប់ស្តីពីសារពើពន្ធឱ្យបានត្រឹមត្រូវ ។
នៅក្នុងដំណើរការនៃការអនុវត្តច្បាប់សារពើពន្ធ រដ្ឋបាលសារពើពន្ធតែងមានចេញជាលិខិតនានា ទៅកាន់អ្នកជាប់ពន្ធ ក្នុងចំណោមលិខិតទាំងនោះ ក៏មាននូវលិខិតមួយ ដែលជាលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ។ នៅពេលទទួលបានលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធនោះប្រសិនបើអ្នកជាប់ពន្ធ មិនយល់ស្របទៅនឹងការកំណត់ពន្ធឡើងវិញដែលចេញដោយរដ្ឋបាលសារពើពន្ធឡើយ តើអ្នកជាប់ពន្ធត្រូវធ្វើដូចម្តេច?
* តើអាចធ្វើការតវ៉ាចំពោះលិខិតនោះបានដែរ ឬទេ?
ហេតុនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “នីតិវិធីតវ៉ាលើការកំណត់ពន្ធឡើងវិញ” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតដូចខាងក្រោម៖
ការកំណត់ពន្ធឡើងវិញ គឺធ្វើឡើងដោយអង្គភាពកំណត់ពន្ធ សំដៅដល់នាយកដ្ឋាន និងសាខាពន្ធដារខេត្ត-ខណ្ឌ ស្ថិតក្រោម អគ្គនាយកដ្ឋានពន្ធដារដែលមានភារកិច្ចកំណត់ពន្ធ ឬកំណត់ពន្ធឡើងវិញ ។ រដ្ឋបាលសារពើពន្ធធ្វើការកំណត់ពន្ធឡើងវិញ ចំពោះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដោយយោងទៅតាមអង្គហេតុ និងមូលហេតុផ្សេងៗគ្នា ដែលមានកំណត់នៅក្នុង មាត្រា២១០ នៃច្បាប់ស្តីពីសារពើពន្ធ (ឆ្នាំ២០២៣) ។
ដោយឡែកក្នុងករណី អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក មានការមិនពេញចិត្តទៅនឹងការកំណត់ពន្ធឡើងវិញ របស់អគ្គនាយកដ្ឋានពន្ធដារ អ្នកតវ៉ាមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា ត្រូវធ្វើជាលិខិតលាយលក្ខណ៍អក្សរ ទៅអគ្គនាយកនៃនាយកដ្ឋានពន្ធដារ ឬអង្គភាពកំណត់ពន្ធបាន ក្នុងរយៈពេល ៣០ (សាបសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទ នៃការទទួលលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ។
យោងតាមច្បាប់ ស្តីពីសារពើពន្ធ (ឆ្នាំ២០២៣) និងប្រកាសលេខ ១៤៧០ សហវ.ប្រក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានរៀបរាប់អំពីខ្លឹមសារនៅក្នុងពាក្យបណ្តឹងតវ៉ាមានដូចតទៅ៖
- ត្រូវចុះហត្ថលេខាដោយអ្នកតវ៉ាផ្ទាល់ ឬតំណាងស្របច្បាប់
- អ្នកតវ៉ាអាចចាត់តំណាងស្របច្បាប់ ដែលមានសិទ្ធិសម្រេច ចូលរួមក្នុងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាជំនួស ដោយមានភ្ជាប់មកជាមួយពាក្យបណ្តឹងតវ៉ា និងលិខិតផ្ទេរសិទ្ធិដែលមានចុះហត្ថលេខារបស់សាមីអ្នកតវ៉ា
- កាលបរិច្ឆេទដាក់ពាក្យតវ៉ា
- អត្តសញ្ញាណកម្មរបស់អ្នកជាប់ពន្ធ ជាអាទិ៍ VAT TIN និង/ឬ PIN ប្រសិនបើមាន
- អាសយដ្ឋាន លេខទូរស័ព្ទ និង/ឬ សារអេឡិកត្រូនិក របស់អ្នកតវ៉ា ឬតំណាងស្របច្បាប់របស់អ្នកតវ៉ា
- ត្រូវមានយោងលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ ការប្រមូលពន្ធ ឬសេចក្តីសម្រេចផ្សេងទៀតពាក់ព័ន្ធវិធានការពន្ធដារ ដែលជាកម្មវត្ថុនៃបណ្ដឹងតវ៉ា
- មានបង្ហាញ ពីអង្គហេតុ សំអាងហេតុ និងមូលដ្ឋានគតិយុត្ត នៃបណ្ដឹងតវ៉ាដែលសាមីអ្នកតវ៉ាលើកជាសំអាង ក្នុងការតវ៉ាទៅនឹងវិធានការពាក់ព័ន្ធនឹងបណ្ដឹងតវ៉ាដែលសម្រេចដោយអគ្គនាយកដ្ឋានពន្ធដារ ឬអង្គភាពកំណត់ពន្ធ និងព័ត៌មានចាំបាច់ផ្សេងទៀត ។
* ក្នុងនោះអ្នកតវ៉ា ក៏ត្រូវមានភស្តុតាងដែលត្រូវភ្ជាប់មកជាមួយដូចជា៖
- លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ ការទារបំណុលពន្ធ ឬសេចក្តីសម្រេចផ្សេងទៀតពាក់ព័ន្ធវិធានការពន្ធដារ ដែលជាកម្មវត្ថុនៃបណ្ដឹងតវ៉ា
- ឯកសារដែលបញ្ជាក់ពីការទូទាត់ប្រាក់ពន្ធ ជាអាទិ៍ ប្រកាសឥណទានធនាគារ និងបង្កាន់ដៃ ឬលិខិតបញ្ជាក់ការបង់ពន្ធក្នុងករណីដែលបានបង់ពន្ធរួច
- ភស្តុតាងផ្សេងទៀតពាក់ព័ន្ធអង្គហេតុ ឬសំអាងហេតុ នៃបណ្ដឹងតវ៉ារបស់អ្នកតវ៉ា ជាអាទិ៍ ទិនានុប្បវត្តិ វិក្កយបត្រ កិច្ចសន្យា លិខិតយុត្តិការ ឬឯកសារផ្សេងៗ។
បន្ទាប់ពីទទួលបានពាក្យតវ៉ា រដ្ឋបាលសារពើពន្ធនឹងចេញសេចក្តីសម្រេចជាថ្មី ក្នុងរយៈពេលយ៉ាងយឺតបំផុត ៦០ (ហុបសិប) ថ្ងៃ ក្រោយពី ថ្ងៃដែលទទួលបានពាក្យតវ៉ា ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវទាំងស្រុង ឬចំណែកណាមួយនៃការកំណត់ពន្ធ សេចក្តីសម្រេចផ្សេងៗ ដែលអ្នកជាប់ពន្ធតវ៉ា ។
ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនយល់ព្រម លើសេចក្តីសម្រេចថ្មីនេះអ្នកជាប់ពន្ធ អាចដាក់ពាក្យតវ៉ាទៅគណៈកម្មាធិការ ដោះស្រាយវិវាទសារពើពន្ធ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប)ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។
អ្នកជាប់ពន្ធមានសិទ្ធិ ប្តឹងទៅតុលាការមានសមត្ថកិច្ច ជំទាស់នឹងសេចក្តីសម្រេច របស់គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប)ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តីសម្រេចនោះ ។
សរុបជារួមមក អ្នកជាប់ពន្ធទាំងឡាយមានសិទ្ធិតវ៉ា មិនយល់ស្របនូវចំណែកណាមួយ ឬទាំងស្រុងនៃការកំណត់ពន្ធឡើងវិញដែលរដ្ឋបាលសារពើពន្ធបានចេញជូន ប៉ុនែ្តការតវ៉ានោះ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ត្រូវស្របទៅតាមនីតិវិធី ដែលច្បាប់ពន្ធដារបានកំណត់ជាធរមាន និងដោយមានភ្ជាប់មកនូវភស្តុតាង អំណះអំណាងច្បាស់លាស់ដែលបញ្ជាក់ពីភាពមិនត្រឹមត្រូវ ពីការកំណត់ពន្ធ ។
រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងកញ្ញា ឃាន លក្ខិណា ជាក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕