(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ត្រូវបានគេរាយការណ៍មកថាគ្រោងនឹងពង្រីកវត្តមានរបស់ខ្លូននៅក្នុងប្រទេសឥណ្ឌាបន្ថែមទៀត តាមរយៈការបើកដំណើរការហាងលក់រាយថ្មីរហូតដល់ទៅ ៤កន្លែងនៅឆ្នាំ២០២៥។ ទីតាំងថ្មីទាំងនោះរួមមានទីក្រុង Pune, Bengaluru, Delhi-NCR និង Mumbai។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។

ជាក់ស្តែងបច្ចុប្បន្ននេះ Apple បានបើកដំណើរការហាងលក់រាយរបស់ខ្លួនចំនួន ២នៅក្នុងប្រទេសឥណ្ឌារួចទៅហើយ ដែលមួយមានទីតាំងស្ថិតនៅទីក្រុង Delhi (ដេលី) និង មួយទៀតនៅទីក្រុង Mumbai (មុមបៃ) ដោយបានចាប់ផ្តើមដំណើរការកាលពីខែមេសា ឆ្នាំ២០២៣ ហើយបានរួមចំណែកប្រមាណជិត ២០ភាគរយនៃចំនួនលក់របស់ Apple។ យ៉ាងណាការបើកដំណើរការហាងថ្មីទាំង ៤នាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថាជាការពង្រីកយ៉ាងសំខាន់នូវវត្តមានលក់រាយរបស់ Apple នៅក្នុងប្រទេសឥណ្ឌា ពោលគឺជាទីផ្សារដែលកំពុងលេចធ្លោរ ក៏ដូចជាការបង្វែរសង្វាក់ផលិតកម្មចេញពីប្រទេសចិន។

លោកស្រី Deirdre O’Brien អនុប្រធានជាន់ខ្ពស់ផ្នែកលក់រាយក្រុមហ៊ុន Apple បានសម្តែងការសារទរចំពោះ «ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអតិថិជន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អតិថិជនទាំងអស់នៅប្រទេសឥណ្ឌាក្នុងការចូលរូមជាមួយផលិតផល និងសេវាកម្មរបស់ Apple»។ ហាងថ្មីនេះ ត្រូវបានប្រភពលើកឡើងថានឹងលើកកម្ពស់បទពិសោធន៍របស់អតិថិជន និងពង្រឹងជំហររបស់ Apple បន្ថែមទៀតនៅក្នុងទីផ្សារឧបករណ៍ទំនើបដែលកំពុងកើនឡើងរបស់ប្រទេសឥណ្ឌា។

គួរជម្រាបថា Apple បានឈានជើងចូលប្រទេសឥណ្ឌាជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មកម្លេះតាមការយៈការផលិត និងដំឡើងនៅទីនោះ។ ខណៈបច្ចុប្បន្នេះក្រុមហ៊ុនផ្គត់ផ្គង់ដូចជា Tata Electronics កំពុងផលិតម៉ូដែលចុងក្រោយគឺ iPhone 16 និង iPhone 16 Plus, ដោយឡែករោងចក្រ Pegatron កំពុងគ្រប់គ្រងការផលិត iPhone 16 Pro និង Pro Max៕