(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធ Robert Lewandowski រកបាន ៣គ្រាប់ក្នុងការជួយក្រុម FC Barcelona យកឈ្នះក្រុម Deportivo Alaves ៣-០ ដែលលទ្ធផលនេះបាននាំឱ្យក្រុមដឹកនាំដោយលោក Hansi Flick បន្តឈរនាំមុខក្រុម Real Madrid លើកំពូលតារាងលីគ La Liga ដាច់ត្រឹម ៣ពិន្ទុផងដែរ ។
៣គ្រាប់របស់ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski គឺកើតឡើងក្នុងការលេងវគ្គទី១ ទាំងអស់ ដែលបានក្លាយជាស្ថិតិមួយរបស់រូបគេដែលអាចរកបាន ១០គ្រាប់ត្រឹមការលេង ៩ប្រកួតក្នុងលីគ La Liga រដូវកាលនេះ នឹងក្លាយបុគ្គលទី២ ក្នុងលីគកំពូលអឺរ៉ុប បន្ទាប់ពីខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ។
ពេលនេះក្រុម Barcelon រកបាន ២៤ពិន្ទុនាំមុខក្រុមគូប្រជែង Real Madrid ដែលរកបាន ២១ពិន្ទុ ក្រោយយកឈ្នះក្រុម Villarreal ២-០ មុនពេលលីគត្រូវសម្រាកបណ្តោះអាសន្ន ដើម្បីឱ្យកីឡាករមួយចំនួនចេញទៅជួយក្រុមជម្រើសជាតិលេងពានប្រចាំតំបន់ ។
រំលឹកផងថា Robert Lewandowski សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីនេះ រូបគេកំពុងរកបាន ១២គ្រាប់ហើយនៅគ្រប់កម្មវិធីប្រកួតរបស់ក្លិប Barca ៕