(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានវ៉ាដាច់លោក Jeff Bezos ដណ្តើមតំណែងក្លាយជាមហាសេដ្ឋីមានបំផុតទីពីរលើពិភពលោក។ យោងតាម Bloomberg Billionaires Index ទ្រព្យសម្បត្តិសុទ្ធរបស់ Zuckerberg បានកើនឡើងដល់ ២០៦.២ ពាន់លានដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយឈរលើទ្រព្យសម្បត្តិសុទ្ធ ២០៥.១ពាន់លានដុល្លាររបស់អតីតនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos។
សន្ទស្សន៍ទឹកប្រាក់ខាងលើនេះបានបង្ហាញថា សហស្ថាបនិក Facebook ឥឡូវនេះតាមពីក្រោយម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk ប្រហែល ៥០ពាន់លានដុល្លារប៉ុណ្ណោះ។ ប្រការដែលធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg កើនឡើងច្រើន ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានស្ទុះឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង៦៨% ចាប់តាំងពីខែមករាដើមឆ្នាំនេះមកម្ល៉េះ។ ក្រុមហ៊ុន Meta បានបន្តការវិនិយោគលើបញ្ញាសិប្បនិមិត្តដ៏ធំរបស់ខ្លួន ដែលជួយកែលម្អដំណើរការនៃវេទិកាផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតកាន់តែប្រសើរឡើង ដែលជាហេតុផលសម្រាប់កំណើននៃការលក់របស់ក្រុមហ៊ុននេះ។
ទោះបីជាយ៉ាងណាក៏ដោយ អាជីវកម្មរបស់ Meta ក៏បានជួបរឿងរ៉ាវធ្វើឲ្យម្ចាស់ភាគហ៊ុនឈឺក្បាលផងដែរ នៅពេលប្រព័ន្ធផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុនបានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១ នៅពេលដែលក្រុមហ៊ុន Apple ណែនាំការធ្វើបច្ចុប្បន្នភាពឯកជនភាព iOS ដែលធ្វើឲ្យសមត្ថភាពរបស់ក្រុមហ៊ុន Meta ក្នុងការតាមដានអ្នកប្រើប្រាស់នៅលើអ៊ីនធឺណិតចុះខ្សោយ។ Meta នៅក្នុងខែកុម្ភៈឆ្នាំ២០២២ បាននិយាយថា ការផ្លាស់ប្តូរឯកជនភាពនឹងធ្វើឱ្យវាខាតបង់ប្រាក់ចំណូលចំនួន ១០ពាន់លានដុល្លារ។ រហូតដល់ចុងឆ្នាំ២០២២ លោក Zuckerberg បានបង្កើតផែនការកាត់បន្ថយការចំណាយដ៏សំខាន់មួយដែលបានពង្រីកដល់ឆ្នាំបន្ទាប់ ហើយទីបំផុតបានបណ្តាលឱ្យបុគ្គលិក Meta ២១,០០០ នាក់បាត់បង់ការងារ។
គោលនយោបាយកាត់បន្ថយការចំណាយនេះ ត្រូវបានគេមើលឃើញថា ហាក់ជួយឲ្យអាជីវកម្មរបស់ Meta មានលំនឹង រហូតទទួលជោគជ័យដូចពេលនេះ។ ក្រុមហ៊ុន Meta បានបន្តចំណាយប្រាក់រាប់ពាន់លានដុល្លារលើបច្ចេកវិទ្យាការពិតនិម្មិត ជាពិសេសគម្រោង Metaverse ។ ជាក់ស្តែង កាលពីសប្តាហ៍មុន Meta បានបង្ហាញវ៉ែនតា Orion AR របស់ខ្លួន ដែលទទួលបានការវាយតម្លៃជាវិជ្ជមានពីមនុស្សភាគច្រើនផងដែរ៕