(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្ន នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានអះអាងថា ផ្អែកលើបទពិសោធន៍របស់ខ្លួន គឺគ្មានបញ្ហាក្នុងការដឹកនាំក្រុមធំកម្ពុជាឡើយ គ្រាន់តែលោកមិនទាន់មានពេលគ្រប់គ្រាន់ ដើម្បីតាមដាន និងស្គាល់ច្បាស់ពីកីឡាករ។
ការលើកឡើងនេះ ស្របពេលបុរសជនជាតិជប៉ុនរូបនេះ បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជា ជាមួយកីឡាករ ២៦នាក់ ដែលបានកោះហៅ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ប្រកួតទល់នឹងក្រុមឆាយនីសតៃប៉ិ នាថ្ងៃទី១១ ខែតុលា នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) និងជួបក្រុមហុងកុង នៅទីក្រុងហុងកុង នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។
គ្រូបង្វឹកទើបបញ្ចប់ការដឹកនាំក្រុម U16 កម្ពុជា និង U20 កម្ពុជា ក្នុងការប្រកួតជើងឯកយុវជនប្រចាំតំបន់ និងទ្វីបអាស៊ីកាលពីថ្មីៗរូបនេះបានលើកឡើងថា លោកមានអារម្មណ៍ធម្មតា ក្នុងតំណែងគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមធំកម្ពុជា ដោយលោកបានប្ដេជ្ញា និងតាំងចិត្តខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជា។ តែលោកបានបង្ហើបថា ក្នុងពេលដំណាលគ្នានេះ ក្រៅពីក្រុមធំ លោកមានការងារជាច្រើនទៀតដែលត្រូវគិត និងព្យាយាមធ្វើយ៉ាងម៉េចឲ្យបាល់ទាត់កម្ពុជាកាន់តែរីកចម្រើន។
លោក Koji បន្ដថា «អ្វីដែលខ្ញុំគិតឥឡូវហ្នឹងតាំងពីក្រុមយុវជន U16 រហូតដល់ U20 បន្ទាប់មកទៀត សម្រាប់ក្រុមយុវជន U17 មួយរយៈនេះ គឺអត់បានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការរៀបចំក្រុម U17 ទេ ហើយឥឡូវខ្ញុំមានការងារមួយទៀត គឺក្រុមឈុតធំ ហើយការងារចម្បងមួយទៀត គឺសាលាបាល់ទាត់ជាតិបាទី។ ខ្ញុំគិតថា វារវល់ និងអត់មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារខ្ញុំបំពេញឲ្យបានត្រឹមត្រូវ តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីបំពេញធ្វើម៉េចឲ្យល្អឥតខ្ចោះតាមអ្វីដែលខ្ញុំអាចធ្វើបាន»។
ពាក់ព័ន្ធនឹងការដឹកនាំក្រុមធំកម្ពុជាលើកដំបូងនេះដែរ លោកបញ្ជាក់ថា «ខ្ញុំធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមធំនៅប៊ូតាន់ និងនេប៉ាល់។ បើទោះបីនៅកម្ពុជា ខ្ញុំដឹកនាំតែយុវជនសុទ្ធក៏ពិតមែន តែសម្រាប់បទពិសោធន៍របស់ខ្ញុំ គឺអត់មានបញ្ហាអ្វីទេ... គ្រាន់តែការប្រាស្រ័យទាក់ទងកីឡាករផ្សេងគ្នារវាងយុវជន និងក្រុមធំ។ ខ្ញុំគិតថា អត់មានបញ្ហាអ្វីទេសម្រាប់ខ្ញុំ ប៉ុន្ដែអ្វីដែលខ្ញុំអត់ទាន់ច្បាស់ គឺខ្ញុំមិនទាន់ស្គាល់ច្បាស់ពីកីឡាករនៅឡើយ។ អ៊ីចឹងនៅពេលប្រមូលផ្ដុំ ខ្ញុំនឹងព្យាយាមស្វែងយល់ពីកីឡាករក្រុមធំ»។
«អ្វីដែលខ្ញុំគិតឥឡូវហ្នឹង គឺការប្រកួតមិត្តភាពជាមួយឆាយនីសតៃប៉ិ និងហុងកុង។ ខ្ញុំចង់ដឹងថា កីឡាករ គាត់ធ្វើអ្វីបានខ្លះ ហើយកីឡាករក្រុមធំ មានកម្រិតប៉ុន្មាន? ធ្វើម៉េច ២ប្រកួតហ្នឹង ខ្ញុំត្រូវស្វែងយល់ឲ្យបានច្បាស់ ដើម្បីត្រៀមការប្រកួតផ្លូវការ...។ ផែនការរបស់ខ្ញុំ សម្រាប់ការត្រៀមខ្លួនមួយទៀត គឺកំឡុងខែវិច្ឆិកា យើងមាន FIFA DAY។ កំឡុងពេលហ្នឹង ខ្ញុំគិតថា នឹងមានការប្រកួតបន្ទាប់ទៀត ដើម្បីកែប្រែក្រុមមួយឲ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 នាចុងឆ្នាំ»។ លោក Koji បន្ថែម។
គួរដឹងថា លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នក្រុមជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយគ្រូបង្វឹកអាហ្សង់ទីនលោក Felix Dalmas កាលពីថ្មីៗ។ ភារកិច្ចចំពោះមុខរបស់បុរសវ័យក្បែរ ៦០ឆ្នាំរូបនេះ ក្រៅពីការប្រកួតមិត្តភាពអន្ដរជាតិចំពោះមុខ គឺការត្រៀមខ្លួនសម្រាប់ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ASEAN Mitsubishi Electric Cup 2024 ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខាងមុខ៕