(ឡុងដ៍)៖ ជំនួបរវាង Manchester United និង Aston Villa បានចែកគ្នាត្រឹមម្នាក់ ១ពិន្ទុពីលទ្ធផលស្មើ ០-០ នៅរាត្រីថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០២៤ និងជាការលេងមិនឈ្នះសោះ ក្នុងចំណោម ៥ប្រកួតចុងក្រោយគ្រប់កម្មវិធីរបស់បិសាចក្រហមផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទន្ទឹមគ្នានោះ លោក Erik ten Hag អ្នកចាត់ការទូទៅ Man Utd មានក្តីសង្ឃឹមថា ការលេងមិនចាញ់នៅកីឡដ្ឋាន Villa Park នឹងមិនធ្វើឱ្យលោកបាត់បង់តំណែងនោះទេ។

ចំណែកឯលោក Unai Emery អ្នកចាត់ការទូទៅ Aston Villa វិញបានចាត់ទុកថា លទ្ធផលស្មើនេះ គឺអាចទទួលយកបាន ដ្បិតត្រូវប៉ះក្រុមដែលត្រូវការពិន្ទុដាច់ខាតដូចជា Man Utd ស្របពេលគ្រូបង្វឹកបានកំពុងរងសម្ពាធក្នុងការដកតំណែងស្រាប់។

តាមរយៈលទ្ធផលស្មើនេះដែរ បានញាំងឱ្យ Man Utd ឈរនៅលេខរៀងទី១៤ ជាមួយនឹង ៨ពិន្ទុក្នុងលីគ Premier League រដូវកាលឆ្នាំ២០២៤-២០២៥ ជាបណ្តោះអាសន្ន គ្រាដែល Aston ដែលមានកៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលនេះ ឈរនៅលេខ៥ ដោយមាន ១៤ពិន្ទុសម្រាប់ជើងទី១ ក្រោយលេងបាន ៧ប្រកួតដូចគ្នា៕