(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងផុតវគ្គ Live Show សប្តាហ៍ទី២ នៃកម្មវិធី Cambodia idol រដូវកាលទី៥ បេក្ខជន នួន បូរ៉ា ដែលគេស្គាល់ថាជាកូនកំព្រាមួយរូបនោះ បានបង្ហាញចំណាប់អារម្មណ៍ថ្លែងអំណរគុណដល់គណៈកម្មការ អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ ព្រមទាំងពោលនូវសារផ្តាំផ្ញើមួយចំនួន ក្នុងន័យលើកទឹកចិត្តដល់យុវជន ក៏ដូចជាកូនកំព្រាដូចខ្លួនឱ្យខិតខំពុះពាររាល់ឧបសគ្គក្នុងជីវិត ប្រកបការងារសុចរិត ប្រព្រឹត្តអំពើល្អក្នុងសង្គម។

ប្រយោគមួយឃ្លាដែល នួន បូរ៉ា បានសង្កត់ធ្ងន់នោះ «ខ្ញុំសូមផ្ញើសារទៅកាន់ក្មេងកំព្រាទាំងអស់​ កុំបាក់ទឹកចិត្ត​ ខិតខំសិក្សា​ រៀនរកចំណេះវិជ្ជា​ ក៏ដូចអ្វីសំខាន់ ធ្វើជាមនុស្សល្អនៅក្នុងសង្គម​ ពេលហ្នឹងអត់ខ្វះក្តីស្រឡាញ់ទេ​ ក្តីស្រឡាញ់គឺរត់មករកយើងហើយ»។​ ប្រយោគនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនទប់ទឹកភ្នែកមិនជាប់ឡើយ ខណៈមហាជនជាច្រើនក៏មានក្តីអាណិតអាសូរចំពោះ នួន បូរ៉ា ព្រមទាំងបង្កើនការលើកទឹកចិត្តដល់បេក្ខជនរូបនេះឱ្យខិតខំបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អទៅវគ្គបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា បេក្ខជន នួន បូរ៉ា នារាត្រីយប់មិញនេះវគ្គ Live Show សប្តាហ៍ទី២ បានបកស្រាយបទចម្រៀងមនោសច្ចេតនា មានចំណងជើងថា «ពិបាកណាស់ពេលនឹកដល់អូន» ធ្វើឱ្យផ្ទុះការគាំទ្រ និងសំឡេងហ៊ោកញ្ជៀវពេញ Studio រួមជាមួយពាក្យមួយឃ្លាខាងលើនេះ ធ្វើឱ្យអ្នកគាំទ្រដែលទស្សនាផ្ទាល់នៅទីនោះ រំជួលចិត្តស្រក់ទឹកភ្នែកទៀតផង។

បេក្ខជនមកពីរាជធានីភ្នំពេញរូបនេះបានអំពាវនាវដល់លោកតាលោកយាយ ពុកម៉ែ អ៊ុពូមីង បងប្អូន ក៏ដូចជាអ្នកគាំទ្រទាំងអស់សូមផ្ដល់ការគាំទ្រ និងបន្តការគាំទ្រចំពោះរូបគេតទៅទៀត ខណៈរូបគេក៏បានប្ដេជ្ញាចិត្តខិតខំហ្វឹកហាត់បន្តទៀត ដើម្បីធ្វើឱ្យបានល្អក្នុងការប្រឡងនៅវគ្គបន្តបន្ទាប់ទៀត។ បូរ៉ា សង្ឃឹមថានឹងបានកសាងជីវភាពសមរម្យមួយលើវិថីជាអ្នកចម្រៀង និងធ្វើជាសិល្បករមួយរូបដែលជួយផ្សព្វផ្សាយពីតម្លៃសិល្បៈជាតិ៕