(បរទេស)៖ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងគេរបស់ពិភពលោកនោះ បានយកឈ្នះលើការរំពឹងទុករបស់អ្នកវិភាគ ក្រោយទទួលបានប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ ខណៈចំណូលភាគច្រើន គឺជំរុញដោយតម្រូវការខ្លាំងសម្រាប់ម៉ាស៊ីនមេ AI ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើង ២០.២% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ១.៨៥ពាន់ពាន់លានដុល្លារតៃវ៉ាន់ ឬ៥៧.៣ពាន់លានដុល្លារអាមេរិក។ Foxconn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា «លទ្ធផលទទួលបានលើសពីការរំពឹងទុកនាពេលកន្លងទៅរបស់ក្រុមហ៊ុន ដោយសារតែមានកំណើនខ្លាំងនៃផ្នែកដ៏សំខាន់របស់ក្រុមហ៊ុន»។ កន្លងទៅស្ថាប័ននិភាគ LSEG SmartEstimate បានសន្និដ្ឋានប្រាក់ចំណូលគឺទទួលបាន ១.៧៩ពាន់ពាន់លានដុល្លារតៃវ៉ាន់ ខណៈជាក់ស្តែងទទួលបានច្រើនជាងនេះ។ ឭ

Foxconn បានប្រកាសថា តម្រូវការម៉ាស៊ីនមេ AI ខ្លាំង បាននាំឱ្យមានកំណើនប្រាក់ចំណូលដ៏រឹងមាំសម្រាប់ផ្នែកផលិតផល cloud និងដៃគូរបស់ខ្លួនរួមមានក្រុមហ៊ុនបន្ទះឈីប AI Nvidia ជាដើម ក៏មានតម្រូវការច្រើនផងដែរ។ សម្រាប់​គ្រឿង​អេឡិចត្រូនិក​ឆ្លាតវៃ ដែល​រួម​បញ្ចូល​ទាំង iPhone មាន​កំណើន​ខ្លាំង​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស ដោយសារ​ការ​ចេញ​លក់​ផលិតផល​ថ្មី ប៉ុន្តែ​ការ​ដំណើរការ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​របស់​វា​មាន​លក្ខណៈ​ធម្មតា។ ប្រាក់ចំណូលសរុបនៅក្នុងខែកញ្ញាតែមួយបានឈានដល់ ៧៣៣ពាន់លានដុល្លារ កើនឡើង ១០.៩% ពីមួយឆ្នាំទៅមួយឆ្នាំ និងជាកម្រិតខ្ពស់បំផុតទីពីរមិនធ្លាប់មាន។ Foxconn បានឲ្យដឹងអំពីទស្សនវិស័យរបស់ខ្លួនសម្រាប់ត្រីមាសបច្ចុប្បន្នថា «ចូលដល់រដូវកាលកំពូលនៅឆមាសទីពីរនៃឆ្នាំនេះ យើងរំពឹងថាប្រតិបត្តិការរបស់យើងនឹងទទួលបានសន្ទុះបន្តិចម្តងៗ»

គួរជម្រាបថា ភាគហ៊ុនរបស់ Foxconn បានកើនឡើង ៨៦% គិតត្រឹមឆ្នាំ២០២៤នេះ។ ក្រុមហ៊ុននេះនឹងរាយការណ៍ពីប្រាក់ចំណូលត្រីមាសទីបីពេញលេញរបស់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ ដោយបានកំណត់ថ្ងៃ Tech Day ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី ៨-៩ ខែតុលា ដែលជាព្រឹត្តិការណ៍មួយដែលជាធម្មតា Foxconn ប្រកាសផលិតផលថ្មី ឬភាពជាដៃគូជាដើម៕