(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអះអាងថា លោកនឹងពិនិត្យ ក៏ដូចជាពង្រឹងការរៀបចំគណៈកម្មការចាប់គូ(ផ្គូរផ្គង)ឡើងវិញ ដើម្បីធានាបាននូវតម្លាភាព និងវិន័យ ស្របតាមកិច្ចព្រមព្រៀង រវាងកីឡាករ និងក្លិប ជាមួយស្ថានីយរៀបចំកម្មវិធីប្រដាល់ ហើយចៀសវាងនូវការបង្កព្យុះភ្លៀងតាមសង្វៀននានា ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួត ម្ចាស់ជើងខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី១២ នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ស្របពេលអ្នកផ្គូរផ្គង់ចាស់វស្សាលោក នាង ស៊ីវត្ថា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានបង្ហាញពីការថ្នាំងថ្នាក់ចិត្តចំពោះមុខប្រធានសហព័ន្ធខាងលើ ក្រោយមានក្លិប និងកីឡាករមួយចំនួន មិនគោរពវិន័យ ក៏ដូចជាការព្រមព្រៀងលើការងារចាប់គូនេះឡើយ ។

អ្នកចាប់គូមានបទពិសោធន៍ជិត ២ទសវត្សន៍ដដែល បានលើកឡើងថា ស្របពេលទីផ្សារប្រកួតប្រដាល់គុនខ្មែរផ្ទុះឡើង ក៏មានកង្វល់សម្រាប់អ្នកចាប់គូតាមសង្វៀននានាផងដែរ ជាក់ស្ដែងរូបលោកផ្ទាល់ រាល់ការចាប់គូប្រកួតកម្មវិធីមួយៗ លោកតែងជូនដំណឹងដល់បណ្ដាក្លិបយ៉ាងហោច ៥ ឬ ៦សប្ដាហ៍ ហើយក្លិបក៏បានបញ្ជូនឈ្មោះកីឡាករសម្រាប់ធ្វើការផ្គូរផ្គងដែរ តែដល់កៀកថ្ងៃប្រកួត បែរជាក្លិប ឬកីឡាករ រកលេសនេះលេសនោះ ព្រោះមិនចង់ចូលរួមប្រកួត នាំឲ្យប៉ះពាល់កម្មវិធី ។

មួយវិញទៀត ពាក់ព័ន្ធនឹងជំងឺតួឯក ។ កីឡាករមួយចំនួន ក្រោយពេលល្បី ហាក់គ្មានវិន័យ មិនគោរពេលវេលា ។ ក្នុងនោះលោកបានលើកជាឧទាហរណ៍ជាក់ស្ដែង កីឡាករខ្លះ នៅថ្ងៃថ្លឹងទម្ងន់ប្រកួត ដៃគូ និងគណៈកម្មការ បានមកជួបជុំថ្លឹងទម្ងន់តាំងពីម៉ោង ៦កន្លះព្រឹក តែសាមីកីឡាករ ដែលោកបានចាត់ទុកថា មានជំងឺតួឯកក្នុងខ្លួន ម៉ោង ៩កន្លះក្បែរម៉ោង ១០ ទើបមក។ នេះគឺជាកង្វល់ ដែលលោក នាង ស៊ីវត្ថា បានស្នើឲ្យលោក ខូវ ឆាយ ជួយដោះស្រាយ និងមានចំណាត់ការ ដើម្បីពង្រឹងវិន័យក្លិប និងកីឡាករ ។

ឆ្លើយតបនឹងការសំណូមពរនេះ លោក ខូវ ឆាយ បានបញ្ជាក់ថា ករណីនេះ សហព័ន្ធកំពុងគិតគូរកដំណោះស្រាយហើយ ដ្បិតរយៈពេលចុងក្រោយ ដែលលោកទើបឡើងកាន់តំណែងជាប្រធានសហព័ន្ធ គឺបានធ្វើកំណែទម្រង់ជាច្រើន លើការគ្រប់គ្រងមន្ដ្រីសហព័ន្ធ ក៏ដូចជាគ្រប់គ្រងយន្ដការចាប់គូជាដើម ។ លោកថា កន្លងមកការចាប់គូ ភាគច្រើនរៀបចំដោយស្ថានីយជាមួយក្លិបផ្ទាល់ ហើយសហព័ន្ធ ទោះបីមានមន្ដ្រីក្នុងនោះ ក៏គ្មានសិទ្ធអំណាចលើការងារនេះដែរ តែចំពោះមុខលោកនឹងពង្រឹងការរៀបចំគណៈកម្មការចាប់គូឡើងវិញ ។

លោកបន្ដថា «ឥលូវយើងកំពុងស្វែងរកវិធានការ ក៏ដូចជាការគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើម៉េចប្រគល់សិទ្ធអំណាចដល់សហព័ន្ធក្នុងការរៀបចំមន្ដ្រីគណៈកម្មការចាប់គូនេះ ទើបយើងអាចគ្រប់គ្រងនូវដំណើរការនៃការចាប់គូបានទាំងស្រុង ក៏ដូចជាគ្រប់គ្រងបាននូវវិន័យរបស់កីឡាករ ដើម្បីឲ្យប្រាកដថា កីឡាករទាំងអស់ គឺគោរពវិន័យត្រឹមត្រូវ និងអនុវត្តបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង រវាងការចាប់គូជាមួយស្ថានីយនីមួយៗ» ។

«កន្លងមកដោយសារមិនមានការលូកដៃជ្រៅពីសហព័ន្ធ ធ្វើឲ្យកីឡាករមួយចំនួន គាត់តែងតែមានល្បិច ឬភាពខិលខូចខ្លះ ។ ពេលខ្លះធ្វើជាឈឺ មិនចង់វៃជាដើម ។ ករណីហ្នឹង វាជារឿងធម្មតាទេ ចង់និយាយថា ក្នុងកីឡាណាក៏មាន ឬប្រទេសណាក៏មាន ប៉ុន្ដែយើងនឹងមានយន្ដការ ក៏ដូចជានីតិវិធីក្នុងការគ្រប់គ្រងលើករណីដែរ ។ យើងកំពុងតែស្វែងរកមធ្យោបាយ ដើម្បីធ្វើម៉េចដោះស្រាយបញ្ហាហ្នឹងឲ្យបាន កុំឲ្យមានករណីហ្នឹងកើតឡើងបន្ដទៀត» ។ លោក ខូវ ឆាយ បន្ថែម ។

ប្រធានសហព័ន្ធដដែលបង្ហើបទៀតថា «តាមពិតគណៈកម្មការចាប់គូយើងមានយូរដែលហើយ ប៉ុន្ដែយើងអនុវត្តអត់មានប្រសិទ្ធភាព ដោយសារតែមានការជ្រៀតចូលពីដៃគូអភិវឌ្ឍន៍ច្រើន ដែលជាម្ចាស់ឧបត្ថម្ភ តែងតែជ្រៀតចូលមកលូកលាន់ក្នុងការចាប់គូ ប៉ុន្ដែឃើញថា កន្លងមកការជ្រៀតចូលហ្នឹង វាមានបញ្ហាច្រើនដែរ ។ អ៊ីចឹងយើងនឹងមានការកោះប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ម្ចាស់ឧបត្ថម្ភ ស្ថានីយរៀបចំការប្រកួត និងក្លិបពាក់ព័ន្ធទាំងអស់ មកពិភាក្សាគ្នា ដើម្បីស្វែងរកយន្ដការមួយ ដែលអាចគ្រប់គ្រងការចាប់គូឲ្យមានតម្លាភាព និងប្រព្រឹត្តទៅបានរលូន»

គួរដឹងថា ការប្រកួត ម្ចាស់ជើងខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី១២ គឺមានបេក្ខភាពកីឡាករ ៨រូបចូលរួម លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ក្នុងនោះមានកីឡាករកម្ពុជា ៣រូប (ជុន កក្កដា, សូត្រ វាសនា និង វេន សុភ័ក្ដ្រ) និងកីឡាករអូបេគីស្ថាន Maly Ahly ប្រកួតតំណាងគុនខ្មែរ ដែលស្ថិតក្នុងពូលA ខណៈ ៤រូបទៀត ជាកីឡាករថៃ ស្ថិតនៅក្នុងពូលB ។ ចំពោះរូបមន្ដប្រកួត ក្រោយប្រកួតសន្សំពិន្ទុ កីឡាករឈរលេខ១ ពូលA ត្រូវជួបលេខ២ ពូលA និងលេខ១ ពូលB ត្រូវជួបលេខ២ ពូលB ដើម្បីផ្ដល់ឱកាសឲ្យកីឡាករកម្ពុជា និងថៃ បានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ និងជំរុញឲ្យការប្រកួតកាន់តែជក់ចិត្តថែមទៀត ៕