(អាហ្សង់ទីន)៖ ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Alejandro Garnacho នឹងខកខានក្នុងជម្រើសជាមួយក្រុមអាហ្សង់ទីន ក្នុងប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ក្នុងតំបន់អាមេរិកខាងត្បូង ដោយសាមានរបួសជង្គង់ខាងឆ្វេង ខណៈដែល Lionel Messi ត្រូវបានកោះហៅត្រលបមកវិញ ដ្បិតក្រុមឈរកំពុងនាំមុខគេលើតារាងចំណាត់ថ្នាក់វគ្គជម្រុះនេះ ។
Alejandro Garnacho បានជួបបញ្ហារបួសនេះនៅពេលលេងឱ្យក្រុមបិសាចក្រហម Manchester United ក្នុងលីគអង់គ្លេស ដែលបញ្ចប់ដោយលទ្ធផលស្មើដោយគ្មានគ្រាប់ស៊ុតជាមួយក្រុម Aston Villa ខណៈគ្រូបង្វឹកក្រុមជើងឯកឆ្នាំ២០២២ លោក Lionel Scaloni ពេលនេះបានជ្រើសយកកីឡាករ Facundo Buonanotte របស់ Leicester City មកជំនួស ។
រំលឹកផងថា Alejandro Garnacho ជាខ្សែប្រយុទ្ធកំពុងឡើងជើង កន្លងមកត្រូវបានលោក Lionel Scaloni ចុចជ្រើយឱ្យចូលលេងបាន ២ប្រកួតនៃវគ្គជម្រុះនេះ នឹងរួមចំណែកជួយក្រុមអាហ្សង់ទីន លើកពាន Copa America 2024 បង្គ្រប់លើកទី១៦ របស់ពួកគេកាលពីខែកក្កដា ។
ជាមួយជម្រើសជាតិងអាហ្សង់ទីន Alejandro Garnacho លេងបាន ៧ប្រកួត តែមិនទាន់អាចរកបានគ្រាប់បាល់បាននោះទេ ខណៈការលេងជាមួយក្រុមបិសាចក្រហមរូបគេរកបាន ២០គ្រាប់ហើយពីការលេង ១០០ប្រកួត។
ខណៈស្ថិតក្នុងរយៈពេលមានបញ្ហារបួសនេះ ក្រុមអាហ្សង់ទីនកំពុងឈរនាំមុខគេ ១៨ពិន្ទុបណ្តោះអាសន្ននៃវគ្គជម្រុះ នឹងត្រូវលេងប៉ះវ៉េណេស៊ុយអេឡា នៅថ្ងៃទី១១ ខែតុលា នឹងថ្ងៃទី១៦ ជួយក្រុមបូលីវី ក្នុងខែដដែលនេះ ខណៈ Messi ទទួលបានការកោះហៅមកវិញនេះ ក្រោយពីបញ្ហារបួសកជើងមានភាពធូរស្រាលឡើងវិញ ៕