(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយ ICT ជាច្រើនឆ្នាំក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ធំៗចំនួនពីរនៅក្នុងកម្មវិធី Asian Telecom Awards ២០២៤ សម្រាប់ការដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតចំនួន៩ ក្នុងគោលបំណងលើកកម្ពស់ប្រតិបត្តិការសាជីវកម្មសម្រាប់អតិថិជន និងសហគ្រាសធុនតូច និងមធ្យម​ ក៏ដូចជាគំនិតផ្តួចផ្តើមផ្នែកធនធានមនុស្សរបស់ខ្លួន ក្នុងការអបអរភាពចម្រុះរបស់បុគ្គលគ្រប់រូបនៅក្នុងក្រុមហ៊ុន។

គំនិតផ្តួចផ្តើមសម្រាប់អតិថិជន B2B ប្រចាំឆ្នាំ (B2B Client Initiative of the Year)

ក្រុមហ៊ុន Smart មិនត្រឹមតែផ្ដល់ជូននូវសេវាកម្មទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាប់ផ្ដើមផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាដល់អតិថិជនរបស់ខ្លួនផងដែរ។ ផលិតផល និងសេវាកម្មដែលក្រុមហ៊ុន Smart បានដាក់ដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ នេះ គ្របដណ្តប់លើប្រតិបត្តិការផ្សេងៗគ្នា រួមមានការតភ្ជាប់ ទំនាក់ទំនង fleet management, cloud solutions, productivity, និងដំណោះស្រាយផ្នែកធនធានមនុស្ស។ សេវាកម្មទាំងនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយការវិវត្តនៃតម្រូវការអាជីវកម្មក្នុងសម័យឌីជីថលដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

សេវាកម្មទាំងនោះរួមបញ្ចូលទាំងសេវាអ៊ីនធឺណិតខ្សែកាបអុបទិក Smart Fiber+ ព្រមទាំងជម្រើសជាច្រើននៃ Smart Cloud Product ដែលជាគម្រោងមួយពឹងផ្អែកលើ Digital Workspace។

លើសពីនេះ ដំណោះស្រាយ Smart Fleet Management, ប្រព័ន្ធគ្រប់គ្រងវត្តមាន Smart CheckinMe និងទូរសព្ទដៃ Smart Push2Talk បានបំពេញតម្រូវការនិងដោះស្រាយបញ្ហាក្នុងបរិបទសង្គម
ក្រៅពីផលប័ត្រនៃផលិតផល និងសេវាកម្ម ក្រុមហ៊ុន Smart Axiata បានចាប់ដៃគូជាមួយអាជីវកម្មឌីជីថលក្នុងស្រុក ដោយជំរុញឱ្យមានការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីអាជីវកម្មឌីជីថល ដើម្បីបម្រើអតិថិជន SME ឱ្យកាន់តែប្រសើរឡើង។ ការផ្តល់ជូនទាំងនេះបាននាំមកនូវភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ចំពោះគុណភាពនៃការតភ្ជាប់ សុវត្ថិភាពឌីជីថល ប្រសិទ្ធភាពចំណាយ និងសុវត្ថិភាពប្រតិបត្តិការ។

លោក Sharif Lukman Mahfoedz ប្រធានផ្នែកធុរកិច្ចនៅក្រុមហ៊ុន Smart Axiata បានលើកឡើងថា «ថ្វីត្បិតគំនិតផ្តួចផ្តើម B2B របស់យើងទើបតែចាប់ផ្តើម ប៉ុន្តែយើងបានឃើញការកើនឡើងនៃចំនួនដៃគូអាជីវកម្មដែលបានជឿទុកចិត្តលើយើងរួចហើយ។ យើងប្តេជ្ញាជំរុញការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសកម្ពុជា និងធានាថាសហគ្រាសធុនតូច និងមធ្យម និងអតិថិជនរបស់យើងអាចទទួលបានដំណោះស្រាយឌីជីថល និង ICT ប្រកបដោយភាពច្នៃប្រឌិត ដែលបំពេញតាមតម្រូវការនៃការវិវត្តរបស់ពួកគេ យើងមានសង្ឃឹមយ៉ាងខ្លាំងចំពោះសក្តានុពលរបស់ក្រុមហ៊ុន តាមរយៈដំណោះស្រាយដែលយើងអាចផ្តល់ជូនអតិថិជនរបស់យើង។»

គំនិតផ្តួចផ្តើមផ្នែកធនធានមនុស្សប្រចាំឆ្នាំ (HR Initiative of the Year)

ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានលើកតម្កើងនូវវប្បធម៌ និងភាពចម្រុះ តាមរយៈគំនិតផ្តួចផ្តើម Smart Cultural Day ស្របតាមការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

ក្រុមហ៊ុន Smart យល់ឃើញថា ភាពចម្រុះគ្នា (Diversity) នេះ និងវប្បធម៌ខុសៗគ្នាដែលប្រមូលផ្ដុំនៅកន្លែងតែមួយ ជាកត្តាជំរុញឱ្យមានភាពច្នៃប្រឌិត នវានុវត្តន៍ និងសុខដុមរមនានៅកន្លែងធ្វើការ។

គំនិតផ្តួចផ្តើមនេះបានលើកទឹកចិត្តបុគ្គលិកឱ្យស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ពួកគេ ក្នុងពិធីជប់លៀងដែលញ៉ាំងបរិយាកាសក្រុមហ៊ុនជាមួយនឹងអត្តសញ្ញាណនៃប្រទេសជាង១០។ ក្នុងនោះក្រុមហ៊ុនក៏បានលើកទឹកចិត្តឱ្យបុគ្គលិករៀបចំ និងចែករំលែកមុខម្ហូបប្រពៃណីរបស់ពួកគេផងដែរ។

លោកស្រី ខាក់ ចិន្តា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ស្នាមញញឹម ភាពសប្បាយរីករាយ និងការចែករំលែកវប្បធម៌ក្នុងក្រុមហ៊ុន បានផ្លាស់ប្តូរបរិយាកាសការិយាល័យរបស់យើង។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជាស្វែងយល់នូវវប្បធម៌ជាតិសាសន៍ដទៃប៉ុណ្ណោះទេ វាបង្រួបបង្រួមពួកគេ បង្កើតកន្លែងការងារកាន់តែស្អិតរមួត។ សមិទ្ធផលនេះ គឺជាការគោរពនិងការដឹងគុណចំពោះគ្នាទៅវិញទៅមកនិងបង្កើតបាននូវសហគមន៍ដែលកាន់តែជិតស្និត ក្នុងក្រុមហ៊ុន Smart»

​លោកស្រីបានបន្តទៀតថា «យើងមានគម្រោងពង្រីកគំនិតផ្តួចផ្តើមភាពចម្រុះ សមធម៌ និងបរិយាប័ន្នរបស់យើងនៅក្នុងគម្រោងដទៃទៀតនាពេលខាងមុខ ដើម្បីបណ្តុះវប្បធម៌សហការ ដែលយើងប្រាថ្នាចង់សម្រេចបាន»

ជាសក្ខីភាពមួយចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Smart Axiata ក្នុងការដាំដុះកន្លែងធ្វើការមួយដែលបុគ្គលិកត្រូវបានគេឱ្យតម្លៃ Smart Cultural Day ជាឧទាហរណ៍នៃគំនិតផ្តួចផ្តើមធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ព្រឹត្តិការណ៍ដ៏ជោគជ័យនេះបាននាំមកវិញនូវពានរង្វាន់ HR Initiative of the Year - Cambodia ដែលជាពានរង្វាន់ដ៏មានកិត្យានុភាពពី Asian Telecom Awards៕