(បរទេស)៖ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ទោសពាកពាន់នឹងសារធាតុញៀនរបស់ Paul Pogba ត្រូវបានកាត់បន្ថយពីរយៈពេល ៤ឆ្នាំមកនៅត្រឹម ១៨ខែ បន្ទាប់ពីអ្នកជំនាញបានបង្ហាញការគាំទ្រចំពោះការអះអាងរបស់កីឡាករបាល់ទាត់សញ្ជាតិបារាំងរូបនេះ ពីការប្រើប្រាស់សារធាតុហាមឃាត់នេះដោយអចេតនា។

កីឡាករអន្តរជាតិបារាំង Paul Pogba ត្រូវបានសម្រេចឱ្យធ្វើការផ្អាកជាបណ្ដោះអាសន្នដោយអង្គការជាតិប្រឆាំងនឹងសារធាតុញៀនរបស់ប្រទេសអ៊ីតាលី (NADO Italia) កាលពីខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន លើសារធាតុហាមឃាត់ដែលបង្កើនកម្រិតអ័រម៉ូន Testosterone ។

រំលឹកផងថា បន្ទាប់ពីមានបញ្ហានេះ ខ្សែបម្រើអន្តរជាតិបារាំង បានខកខានការលេងឱ្យក្រុម Juventus ជាច្រើនប្រកួត ខណៈការវិលទៅចូលរួមជាថ្មីជាមួយក្រុម Juventus កាលពីរដូវកាល២០២២-២៣ រូបគេទើបលេងបាន ១២ប្រកួតប៉ុណ្ណោះ ជាមួយកិច្ចសន្យាមានរយៈពេលដល់ឆ្នាំ២០២៦ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ CAS បានឱ្យដឹងថា Pogba បានប្រកែកថា មិនមានចេតនាទេ ក្នុងការប្រើប្រាស់សារធាតុ DHEA ហើយបានកើតឡើងបន្ទាប់ពីបានទទួលទានអាហារបំប៉ន ដែលជាវេជ្ជបញ្ជាចេញដល់រូបគេ ដោយវេជ្ជបណ្ឌិតនៅរដ្ឋ Florida ។