(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងជាអ្នកផលិតបន្ទះឈីប AI ឈានមុខគេនៅលើពិភពលោក Nvidia ថ្មីៗនេះ បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លែបំផុតនៅលើទីផ្សារ (Market Cap) ក្នុងលេខរៀងទីពីរ បន្ទាប់ពីវ៉ាដាច់ក្រុមហ៊ុន Microsoft។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo Finance នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានកើនឡើងខ្លាំង និងបានជំរុញឱ្យក្រុមហ៊ុនអាមេរិកមួយនេះ កើនតម្លៃខ្លួននៅលើទីផ្សារ ដោយបានវ៉ាដាច់ក្រុមហ៊ុន Microsoft ក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅលើទីផ្សារលំដាប់ទីពីរបន្ទាប់ពី Apple។
ប្រភពខាងលើបានបង្ហាញថា តម្លៃទីផ្សារបស់ក្រុមហ៊ុន Nvidia បានកើនដល់ ៣.១៣ពាន់ពាន់លានដុល្លារអាមេរិក ខណៈដែល Microsoft មានត្រឹមតែ ៣.០៤ពាន់ពាន់លានដុល្លារអាមេរិកប៉ុណ្ណេះ។ ការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia ត្រូវបានគេមើលឃើញថាបណ្ដាលមកពីតម្រូវការបន្ទះឈីប AI នៅលើទីផ្សារមានកម្រិតខ្ពស់ និងដោយសារតែក្រុមហ៊ុនមួយនេះបានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់បន្ទះឈីប AI ជាមួយនឹងក្រុមហ៊ុនថ្មីៗជាច្រើន។
Nvidia និង Microsoft នារយៈពេលប៉ុន្មានខែចុងក្រោយនេះ បានប្រជែងគ្នាបណ្ដើមយកតំណែងលេខពីរទៅវិញទៅមក ខណៈ Apple អង្គុយនៅកៅអីលេខមួយឡើងកាន់ស្លែរ ប៉ុន្តែក្រុមអ្ននវិភាគបានយល់ឃើញថា Nvidia និង Microsoft អាចនឹងទៅដណ្ដើមបានលេខរៀងទីមួយពី Apple បាននៅឆ្នាំ២០២៥ បើសិនជាតម្រូវការបន្ទះឈីប AI នៅតែបន្តកើនឡើងខ្លាំង ហើយប្រជាប្រិយភាព ChatGPT ដែលមាន Microsoft ជាខ្នងបង្អែកបន្តមានសន្ទុះការគាំទ្រខ្លាំង។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ តម្លៃទីផ្សារបស់ក្រុមហ៊ុន Apple មានរហូតដល់ ៣.៣៧ពាន់ពាន់លានដុល្លារអាមេរិក បើទោះបីជាតម្លៃភាគហ៊ុនរបស់ Apple បានធ្លាក់ចុះបន្តិចក្ដី៕