(ភ្នំពេញ)៖ លោក Conor Nestor បានអរគុណក្លិបបាល់ទាត់បឹងកេត ដែលបាននាំយករូបលោកមកផ្ទះវិញ ពោលគឺប្រទេសកម្ពុជា ដែលបុរសជនជាតិអៀរឡង់រូបនេះ បានចាត់ទុកប្រៀបដូចជាផ្ទះរបស់ខ្លួន ក្រោយសម្រេចចិត្តចាកចេញទាំងពិបាក កាលពីពាក់កណ្ដាលឆ្នាំ២០២៣ កន្លងទៅ។

ការលើកឡើងនេះ ស្របពេលក្រុមនាគខៀវបឹងកេត បានប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងខាងលើ ជាគ្រូបង្វឹកថ្មីរបស់ខ្លួននាល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។ លោក Conor Nestor បានសម្ដែងក្តីសប្បាយរីករាយជាខ្លាំង ដែលលោកបានត្រឡប់មកប្រកបអាជីពនៅប្រទេសលោកធ្លាប់រស់នៅវិញ។

លោក Conor បាននិយាយថា «ពិតប្រាកដណាស់ ការសម្រេចចិត្តចាកចេញ (កម្ពុជា) គឺពិបាក ព្រោះខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ប៉ុន្ដែខ្ញុំទទួលបានសំណើមួយ ដែលពិបាកនឹងបដិសេធសម្រាប់អាជីពរបស់ខ្ញុំ ហើយខ្ញុំអាចនិយាយបានថា ប្រហែលជាតាំងពីថ្ងៃដំបូង តាំងពីខ្ញុំចាកចេញ ខ្ញុំនឹកស្រុកខ្មែរ និងនឹកបាល់ទាត់កម្ពុជា។ អរគុណក្លិបបឹងកេតសម្រាប់ការនាំយកខ្ញុំមកកាន់ផ្ទះ»

គួរដឹងថា មុនត្រឡប់មកដឹកនាំក្លិបនៃលីគកំពូលកម្ពុជាថ្មី លោក Conor Nestor ធ្លាប់បានចំណាយពេល ៥ឆ្នាំជាមួយក្លិបព្រះខ័នរាជស្វាយរៀង ចាប់ពីឆ្នាំ២០១៨-២០២២ ហើយក៏ធ្លាប់ជួយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង គ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផងដែរ។ បន្ទាប់មកទើបលោកផ្ទេរទៅដឹកនាំក្លិប Hyderabad នៃលីគកំពូលឥណ្ឌាកាលពីឆ្នាំ២០២៣ មុនមកចូលរួមជាមួយក្លិប Selangor ម៉ាឡេស៊ី ក្នុងនាមគ្រូជំនួយនៅក្នុងរដូវកាលឆ្នាំ២០២៤៕