(ឡុងដ៍)៖ កីឡាករក្មេងៗកំពុងឡើងជើងមានដូចជា Morgan Gibbs-White, Ezri Konsa និង Kobbie Mainoo សុទ្ធសឹងមិនអាចជួយតោកំណាចអង់គ្លេសប្រកួតនៅពាន UEFA Nations League ក្នុងខែតុលានេះ ដ្បិតទើបជួបបញ្ហារបួសកាលពីចុងសប្តាហ៍មុនដូចគ្នា ស្របពេលប្រធានក្រុម Harry Kane អាចចូលលេងបាន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមតោ៣ អង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ក្រិចនៅកីឡដ្ឋានជាតិ Wembley នារាត្រីថ្ងៃព្រហស្បតិ៍ មុនពេលធ្វើដំណើរទៅប៉ះហ្វាំងឡង់វិញម្តងនៅរាត្រីថ្ងៃអាទិត្យ នាទីក្រុង Helsinki ក្នុងកម្មវិធីពានលីគអឺរ៉ុប UEFA Nations League 2024-2025។
ជាមួយគ្នានោះដែរ ចំនួនកីឡាករទាំង ២២នាក់ដែលស្ថិតក្នុងបញ្ជីរបស់គ្រូបង្វឹកបណ្តោះអាសន្ន លោក Lee Carsley ក៏បានចូលជំរំហ្វឹកហាត់ St George’s Park រួចរាល់ហើយដែរ ដោយលោកមិនមានគម្រោងបន្ថែមកីឡាករណាផ្សេងទៀតនោះទេ។
ខ្សែបម្រើរបស់ Nottingham Forest គឺ Gibbs-White ដែលបានចូលលេងជាមួយអង់គ្លេសកាលខែមុន បានជួបបញ្ហារបួសពេលជួយក្លិបលេងស្មើទល់នឹងតោខៀវ Chelsea ក្នុងលីគ Premier League គ្រាដែលខ្សែការពារ Konsa របស់ Aston Villa មានបញ្ហាសរសៃពួរ ក្នុងជំនួបដែលគ្មានគ្រាប់ស៊ុតទល់នឹង Manchester United កាលពីរាត្រីថ្ងៃអាទិត្យ ក្នុងប្រកួតដែល Mainoo ក៏បង្ខំចិត្តប្តូរចេញ ដោយសារមានរបួសដែរ៕