(បរទេស)៖ ការរីកចម្រើននៃបច្ចេកវិទ្យា AI បានជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សមិនតិចទេ មើលឃើញពីការកើនឡើងប្រាក់ចំណូល។ ជាក់ស្តែង ក្រុមហ៊ុនអាមេរិក Super Micro ទើបតែរាយការណ៍មកថា តម្លៃភាគហ៊ុនបានស្ទុះឡើងខ្លាំង ស្របពេលដែល GPU ខ្ទង់១០ម៉ឺនលក់អស់គ្មានសល់ត្រឹមរយៈពេលមួយត្រីមាសប៉ុណ្ណោះ ខណៈការលក់ផលិតផលផ្សេងទៀត ដូចជាម៉ាស៊ីនមេ AI កើនឡើងប្រហែល ១៤% ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ការរីកដុះដាលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI បានជំរុញឱ្យមានតម្រូវការ Hardware កាន់តែច្រើនដើម្បីបំពេញតម្រូវការនានា ក្នុងការគ្រប់គ្រងទិន្នន័យ។ ជាពិសេសជួយឲ្យក្រុមហ៊ុន Super Micro ដែលជាដៃគូផ្គត់ផ្គង់ម៉ាស៊ីនមេដែលមានបន្ទះឈីប AI ទៅឲ្យក្រុមហ៊ុន Nvidia កាន់តែមានទីផ្សារកើនឡើងខ្លាំង។ តាមរបាយការណ៍បង្ហាញថា ក្រុមហ៊ុន Super Micro ថ្មីៗនេះវាបានលក់ GPUs ច្រើនជាង ១០ម៉ឺន ដែលជាចំនួនមួយច្រើន និងមើលឃើញពីភាពរីកចម្រើនរបស់ក្រុមហ៊ុនកាន់តែច្បាស់ ក្នុងយុគសម័យ AI នេះ។ ក្រុមហ៊ុន Super Micro កំពុងស្ថិតនៅលើផ្លូវមួយ ដើម្បីបន្ថែមតម្លៃទីផ្សារឲ្យបានច្រើនជាង ៣ពាន់លានដុល្លារ ប្រសិនបើនៅតែបន្តកើនឡើងដូចបច្ចប្បន្ន។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ortex បានប៉ាន់ប្រមាណថា ការចាប់អារម្មណ៍រយៈពេលខ្លីនៅក្នុងក្រុមហ៊ុន Super Micro គឺត្រឹមតែជាង ២០% ស្មើនឹងតម្លៃទឹកប្រាក់ប្រហែល ៣.៥៩ពាន់លានដុល្លារ។
គួរជម្រាបថា ភាគហ៊ុនរបស់ Super Micro បានបាត់បង់ច្រើនជាង ៩% នៃតម្លៃដើមក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ប៉ុន្តែនៅតែកើនឡើងជាង ៦៦% នៅឆ្នាំនេះ ដោយទទួលបានអត្ថប្រយោជន៍ពីការរីកដុះដាលបច្ចេកវិទ្យា AI៕