(បរទេស)៖ នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនបានសហការជាមួយ Nividia កំពុងចាប់ផ្តើមសាងសង់រោងចក្រផលិតដ៏ធំបំផុតរបស់ពិភពលោកសម្រាប់បន្ទះឈីប GB 2000 របស់ Nvida ដើម្បីជួយបំពេញតម្រូវការ «ដ៏ធំអស្ចារ្យ» សម្រាប់វេទិកា Blackwell។ ប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Benjamin Ting អនុប្រធានជាន់ខ្ពស់ផ្នែកដំណោះស្រាយ​ Cloud របស់ Foxconn ក្នុងអំឡុងវេទិកាបច្ចេកវិទ្យាប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅទីក្រុងតៃប៉ិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចតាមកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងត្រូវបានគេស្គាល់ថាជាអ្នកដំឡើង iPhone ដ៏ធំបំផុតរបស់ Apple បាននិងកំពុងទទួលបានអត្ថប្រយោជន៍ពីការរីកចំរើននៃបញ្ញាសិប្បនិមិត្ត AI និងបានជម្រុញឱ្យក្រុមហ៊ុននេះងាកទៅផលិតម៉ាស៊ីនមេ (servers) ផងដែរ។ លោក Benjamin Ting បាននិយាយថា ភាពជាដៃគូរវាង Foxconn និង Nvidia គឺមានសារៈសំខាន់ខ្លាំងណាស់។ លោក Ting បាននិយាយនៅឯទិវាបច្ចេកវិទ្យាប្រចាំឆ្នាំរបស់ក្រុមហ៊ុន Foxconn នៅទីក្រុងតៃប៉ិថា «យើងកំពុងសាងសង់រោងចក្រផលិតបន្ទះឈីប GB200 ដ៏ធំបំផុតនៅលើពិភពលោក»

តែយ៉ាងណា ជុំវិញព័ត៌មានលម្អិតក៏ដូចជាអំពីទីតាំងរោងចក្រ និងតម្លៃបោះទុននៅមិនទាន់មានការបង្ហើបពី Foxconn នៅឡើយនោះទេ។

គួរជម្រាបថា វេទិកា NVIDIA Blackwell គឺជាស្ថាបត្យកម្មកុំព្យូទ័រទំនើបដែលត្រូវបានរចនាឡើងដើម្បីគាំទ្រកម្មវិធីបញ្ញាសិប្បនិម្មិត្ត (AI) កម្រិតខ្ពស់ ជាពិសេសនៅក្នុងបរិបទនៃមជ្ឈមណ្ឌលទិន្នន័យ និង High-performance computing (HPC)។ វេទិកានេះរួមបញ្ចូលជាមួយ superchips ដ៏មានអានុភាព ជាពិសេស GB200 ដែលរួមបញ្ចូលគ្នានូវ NVIDIA Tensor Core GPUs ជាច្រើនដើម្បីបង្កើនសមត្ថភាពដំណើរការ AI៕