(បរទេស)៖ ក្រុមហ៊ុន Vodafone របស់ចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយ Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet ក្នុងរយៈពេលដប់ឆ្នាំដែលមានតម្លៃប្រមាណជាង ១ពាន់លានដុល្លារ។ កិច្ចសហការនេះ នឹងនាំយកឧបករណ៍បញ្ញាសិប្បនិម្មិត AI របស់ក្រុមហ៊ុនយក្សអាមេរិក Google ទៅកាន់អតិថិជននៅទូទាំងទ្វីបអឺរ៉ុប និងអាហ្វ្រិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
Vodafone គឺជាក្រុមហ៊ុនទូរគមនាគមន៍ដ៏លេចធ្លោមួយ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Newbury, Berkshire ចក្រភពអង់គ្លេស។ ក្រុមហ៊ុននេះ មានតួនាទីដំណើរការបណ្តាញទូរស័ព្ទចល័ត និងបណ្តាញថេរក្នុង ១៥ ប្រទេស និងមានភាពជាដៃគូជាមួយបណ្តាញទូរស័ព្ទចល័តក្នុង ៤៥ប្រទេសបន្ថែមទៀត ដោយបម្រើអតិថិជនជាង ៣៣០លាននាក់នៅទូទាំងពិភពលោក។
តាមរយៈរបាយការណ៍ចុះផ្សាយចុងក្រោយនេះ Vodafone បាននិយាយថា ខ្លួននឹងពង្រឹងការចូលប្រើប្រាស់ទូរស័ព្ទ Pixel ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត AI របស់ Google ជាមួយនឹងបណ្តាញ 5G របស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប ហើយនឹងបន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី Android។ មិនត្រឹមតែប៉ុណ្ណោះ Vadafone នឹងផ្តល់ជូននូវគម្រោងការជាវ Google One AI Premium ដែលរួមមាន Gemini Advanced នៅក្នុងប្រទេសមួយចំនួនចាប់ពីឆ្នាំ២០២៥ តទៅ រួមទាំងវេទិកា AI ដែលមានស្រាប់សម្រាប់សហគ្រាសរបស់ Google Cloud ផងដែរ៕