(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានដណ្ដើមមេដាយ ៤គ្រឿងបណ្ដោះអាសន្ន (មាស ២ និងប្រាក់ ២) នៃការប្រកួតកីឡាម៉ូតូទឹកពានរង្វាន់កម្រិតពិភពលោក (WGP1 World Serie America-USA) ជុំទី២ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។
បេសកកម្មខាងលើនេះ ក្រុមម៉ូតូទឹកកម្ពុជា មានសមាជិក ៥នាក់ ក្នុងនោះមានក្រុមវីរៈកីឡាករ សាលី អ៊ូមើល ជាប្រធានក្រុមដឹកនាំ និងសិស្សប្អូន សាលី ហ្វីលីន, ម៉ីន អូស្មាន់, កៃ វ៉ាន់ស៊ីដែន និងកីឡាករ ម៉ីន មូសស្តាន ដែលសុទ្ធតែជាកីឡាករឆ្នើមៗរបស់កម្ពុជា ក្នុងការប្រកួតធំៗលើឆាកអន្ដរជាតិនាពេលកន្លងមក ។
ជាលទ្ធផលបណ្ដោះអាសន្ន កីឡាករ សាលី ហ្វីលីន ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយមាស ១ លើវិញ្ញាសា Amateur Runabout 1100 Stock និងមេដាយប្រាក់ ១ លើវិញ្ញាសា Amateur Runabout Rec Lites ។ កីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ១ លើវិញ្ញាសា Novice Ski Stock និងកីឡាករ ម៉ីន មូសស្ដាន ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសា Novice Runabout 1100 Stock ។
ជាលទ្ធផលបណ្ដោះអាសន្នក្រោយឆ្លងកាត់ការប្រកួត ២ថ្ងៃកន្លងមក ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿង រួមមានមេដាយមាស ២ និងប្រាក់ ២ ខណៈក្រុមកីឡាករកម្ពុជា នៅសល់វិញ្ញាសាជាច្រើនទៀត ត្រូវបន្ដការប្រកួតប្រជែងស្វែងរកមេដាយជូនជាតិ ស្របពេលព្រឹត្តិការណ៍ WGP1 World Serie America-USA ជុំទី២ នេះ គ្រោងនឹងបញ្ចប់នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ៕