(បរទេស)៖ មានរបាយការណ៍ជាច្រើនបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលមានលោក Elon Musk ជាអ្នកដឹកនាំ កំពុងតែធ្វើការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំ ដោយក្នុងនោះមានថ្នាក់ដឹកនាំកំពូលៗមួយចំនួននឹងត្រូវលាឈប់។
បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលមួយនេះចំនួនបីរូប នៅថ្ងៃទី៣ ខែតុលា បានបង្ហើបប្រាប់សារព័ត៌មាន Business Insider ថា លោក Nagesh Saldi ប្រធានផ្នែកព័ត៌មាន (Chief Information Officer ហៅកាត់ CIO) នឹងលាឈប់ពីការងារបន្ទាប់ពីលោកបានបម្រើការងារនៅក្រុមហ៊ុននេះជិត ១២ឆ្នាំ។
ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា នៅមានបុគ្គលសំខាន់ចំនួនបីរូបទៀត ដែលបានសម្រេចចិត្តលាលែងពីតំណែង ពោលគឺត្រឹមតែរយៈមួយសប្តាហ៍ មានបុគ្គលិកកំពូលៗចំនួនបួនរូប បានដើរចេញពី Tesla។
នាយកផ្នែកគោលនយោបាយសាធារណៈ និងការអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Tesla លោក Jos Dings បានប្រកាសនៅលើ LinkedIn ថាគាត់នឹងចាកចេញពីក្រុមហ៊ុននៅថ្ងៃទី ១ ខែតុលា។ នៅថ្ងៃទី ៦ ខែតុលា ប្រធានគោលការណ៍សុវត្ថិភាពពិភពលោក លោក Marc Van Impe ក៏បានប្រកាសនៅលើ LinkedIn ថាគាត់បានចាកចេញពីក្រុមហ៊ុន Tesla ។
នៅលើ LinkedIn លោក Dings បាននិយាយថា គាត់ចង់សម្រាកពីការងារ និងប្រើពេលវេលាសម្រាប់ខ្លួនឯងឲ្យបានច្រើន ចំណែកលោក Van Impe បាននិយាយថាគាត់កំពុងផ្លាស់ប្តូរតួនាទី ទៅជាទីប្រឹក្សានៅក្រុមហ៊ុន SpaceX របស់លោក Elon Musk។
នៅថ្ងៃទី ៤ ខែតុលា អតីតអ្នកគ្រប់គ្រងកម្មវិធីរថយន្ត Model S និង Model X របស់ក្រុមហ៊ុន Tesla លោក David Zhang ក៏បានប្រាប់អ្នកតាមដានរបស់គាត់នៅលើ LinkedIn ថាគាត់បានចាកចេញពីក្រុមហ៊ុនហើយ។
អតីតប្រធានកម្មវិធីរថយន្តគឺលោក Daniel Ho បានប្រកាសជាផ្លូវការនៅលើ LinkedIn នៅថ្ងៃទី ២៩ ខែកញ្ញាថា គាត់បានចាកចេញពី Tesla។
កាលពីខែមេសា លោក Elon Musk បាននិយាយថា Tesla នឹងកាត់បន្ថយថ្នាក់ដឹកនាំកំពូលៗប្រមាណជា ១០% ហើយបើគិតពីខែមេសា មកដល់ដើមខែតុលានេះ លោក Elon Musk បានបាត់បង់មនុស្សជំនិតចំនួន ៨នាក់ ខណៈដែលនៅក្នុងក្រុមហ៊ុន Tesla ទាំងមូលលោកមានមនុស្សជំនិតសរុបចំនួនជាង ៣០នាក់។
ពាក់ព័ន្ធនឹងរបាយការណ៍ដែលនិយាយថា មនុស្សជំនិតចំនួន ៤នាក់ របស់លោក Elon Musk ទើបតែប្រកាសពីការចាកចេញរបស់ពួកគេនៅលើ LinkedIn នេះ ខាង Business Insider បានទាក់ទងទៅអ្នកនាំពាក្យក្រុមហ៊ុន ប៉ុន្តែមិនមានការឆ្លើយតប៕