(ឡុងដ៍)៖ Cole Palmer ដែលលេងក្នុងតំបន់ប្រយុទ្ធក្នុងក្លិបតោខៀវ Chelsea នោះ ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អជាងគេ ប្រចាំរដូវកាលឆ្នាំ២០២៣-២៤ របស់អង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Palmer ដែលទើបបង្ហាញខ្លួនជាមួយក្រុមតោ៣ អង់គ្លេសនាអំឡុងខែវិច្ឆិកាឆ្នាំទៅ នៅពេលអង់គ្លេសយកឈ្នះម៉ាល់តា ២-០ នៅកីឡដ្ឋានជាតិ Wembley ផងនោះ គឺរកបាន ២គ្រាប់ហើយ ពីការចូលលេងបាន ៩ប្រកួតជាមួយក្រុមធំអង់គ្លេសមួយនេះ។
ក្នុងការបោះឆ្នោតជាសាធារណៈ ដើម្បីជ្រើសរើសកីឡាករលេងល្អដាច់គេប្រចាំឆ្នាំនេះដែរ ខ្សែប្រយុទ្ធដែលចេញមកពីឈុតយុវជនថ្នាល Manchester City ខាងលើនេះ បាននាំមុខគូប្រជែង Jude Bellingham របស់ក្លិប Real Madrid និង Bukayo Saka របស់កាំភ្លើងធំ Arsenal ដែលបញ្ចប់ក្នុងតំណែងលេង២ និងលេខ៣។
Men’s Player of the Year ជាពានទី២ ដែល Palmer ប្រជែងបាន ក្រោយពេលឈ្នះពានកីឡាករវ័យក្មេងលេងល្អរបស់អង់គ្លេសដែរ នាអំឡុងខែសីហា ឆ្នាំ២០២៤ ក្នុងនាមជាកីឡាកររបស់ Chelsea ដូចគ្នា៕