(បរទេស)៖ នាយកប្រតិបត្តិកំពូលមួយរូបរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនមានបំណងចង់ផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែមិនទាន់ទទួលបានសញ្ញាដោយផ្ទាល់ណាមួយពីទីក្រុងញូវដែលី ស្តីពីការបន្ធូរបន្ថយច្បាប់វិនិយោគឡើយ ត្បិតច្បាប់ក្នុងប្រទេសនេះហាក់មានភាពតឹងរ៉ឹងសម្រាប់អាជីវកម្មរបស់ចិន។ ការបង្ហាញពីបំណងរបស់ BYD នៅពេលនេះ ស្របពេលដែលក្រុមហ៊ុន កំពុងព្យាយាមពង្រីកទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទៅកាន់ប្រទេសនានាជុំវិញពិភលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
BYD ត្រូវបានគេដឹងថា ស្ថិតក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយដែលបានដាក់សំណើរវិនិយោគ ១ពាន់លានដុល្លារកាលពីឆ្នាំមុន ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែទីក្រុងញូវដែលី មិនទាន់អនុម័តផែនការនេះទេ បន្ទាប់ពីបានបង្កើនការត្រួតពិនិត្យលើការវិនិយោគពីក្រុមហ៊ុនចិន។
ប្រធានអាជីវកម្មផ្នែករថយន្តអគ្គិសនីរបស់ BYD នៅក្នុងប្រទេសឥណ្ឌា លោក Rajeev Chauhan បាននិយាយ នៅពេលត្រូវបានចោទសួរថា តើក្រុមហ៊ុនបានទទួលសញ្ញាណាមួយនៃការបន្ធូរបន្ថយច្បាប់វិនិយោគដែរឬទេ? លោកបានឆ្លើយថា «មហិច្ឆតាតែងតែមាន ប៉ុន្តែយើងត្រូវការរបស់ជាច្រើនទៀត ពោលគឺមិនមានសញ្ញាផ្ទាល់ណាមួយនៃការបន្ធូរបន្ថយទេ។ យើងសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងបន្តិច...»។
គួរជម្រាបថា BYD ត្រូវបានគេដឹងថាជាអ្នកវិនិយោគខ្នាតតូចនៅក្នុងប្រទេសឥណ្ឌា ដែលបានវិនិយោគជាទឹកប្រាក់ ២០០លានដុល្លារ ហើយលក់តែរថយន្ត EV ដែលនាំចូលដូចជា Atto 3 SUV និង Seal sedan ប៉ុណ្ណោះ។ ប៉ុន្តែប្រទេសឥណ្ ឌាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងអាគុយ ដែលកំពុងតែពង្រីកយ៉ាងឆាប់រហ័សទូទាំងពិភពលោក៕