(បាសេឡូណា)៖ អតីតខ្សែបម្រើក្លិប FC Barcelona និងជម្រើសជាតិអេស្ប៉ាញគឺ Andres Iniesta បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការហើយចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ តទៅ ដោយស្ថិតក្នុងវ័យ ៤០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅចាំបានថា Iniesta គឺជាអ្នកស៊ុតគ្រាប់ជ័យជម្នះ ១-០ ជួយក្រុមគោជល់អេស្ប៉ាញឈ្នះពានបាល់ទាត់ពិភពលោក លើកដំបូងកាលឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង តាមរយៈផ្តួលក្រុមនៅអឺរ៉ុបដូចគ្នា ទឺកក្រូចហូឡង់ក្នុងម៉ោងថែម ១៥នាទី ២ដងនៃវគ្គផ្តាច់ព្រ័ត្រ។

Iniesta បានចូលលេងចំនួន ១៣១ប្រកួតជាមួយអេស្ប៉ាញ និងឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប European Championship បាន ២លើកផងដែរ ពោលគឺក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២។

ថ្លែងក្នុងកម្មវិធីមួយរបស់ Barcelona ខ្សែបម្រើជើងចាស់ជំនាន់លោក Xavi Hernandez និង Sergio Busquets ផងនោះបានព្រលយថា រូបលោកមានគម្រោងចាប់យកអាជីពបង្វឹកនាពេលខាងមុខ។ លោកថា «បើទោះបីជាអាជីពជាកីឡាករបញ្ចប់ទៅហើយក្តី ក៏ប៉ុន្តែខ្ញុំនឹងមិននៅឆ្ងាយពីបាល់ទាត់ឡើយ ព្រោះវាជាជីវិតរបស់ខ្ញុំ និងនៅតែបន្តធ្វើវាទៀតដែរ»