(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពង់ស្ពឺហើយ នៅសប្ដាហ៍នេះ។ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍។

ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់បែបយ៉ាង ព្រមទាំងបានជួបជាមួយតារាក្នុងដួងចិត្ត ជាច្រើនដួងផងដែរ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី១១/១២ ខែតុលា ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅជិតផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ០៦៖០០ល្ងាចតទៅ។

តារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជា៖ តារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា ហ៊ិន លីដា, Raksa, Young Spider, KingChi, កញ្ញា ឡុងលក្ខិណា, និងតារាកំប្លែងជើងចាស់ជាច្រើនដួង។

ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀងខាងលើនេះ ក៏មានអមមកជាមួយការសម្ដែងពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសសំឡេងទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៍ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះបងប្អូនអាចចូលរួមដោយសេរី៕

https://www.facebook.com/share/v/ENxmPQnEzjD4VhaM/?mibextid=09Vj1W