(ភ្នំពេញ)៖ ការប្រកួតកីឡាឃីបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ នៅកម្ពុជា បានបើកការប្រកួតជាផ្លូវការហើយ ដោយមានកីឡាករ-កីឡាការិនី ៧០០នាក់ មកពី ២៤ប្រទេសចូលរួម ខណៈព្រឹត្តិការណ៍នេះ គ្រោងនឹងធ្វើការប្រកួតរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៨-១៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងជាតិ និងអន្ដរជាតិ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីកម្ពុជា និងបណ្ដាប្រទេសក្នុងទ្វីបអាស៊ី បានប្រកួតប្រជែង និងវាស់ស្ទង់សមត្ថភាពលើទឹកដីកម្ពុជា។

មិនតែប៉ុណ្ណោះ តាមរយៈព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកដល់ការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាលើឆាកអន្ដរជាតិ ជាពិសេសផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដល់អន្ដរជាតិបានដឹង និងស្គាល់ច្បាស់ពីប្រទេសកម្ពុជា ដែលមានសុខសន្ដិភាពពេញលេញ។ ជាមួយគ្នាលោក វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់អត្តពលិកទាំងអស់ ត្រូវគោរពឲ្យបាននូវបទបញ្ជាបច្ចេកទេសនៃការប្រកួត ដើម្បីលើកកម្ពស់យុត្តិធម៌ សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួតនេះផងដែរ។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាជើងឯកឃីកបុកស៊ីងអាស៊ីលើកដំបូងនៅកម្ពុជានេះ មានប្រតិភូ គ្រូបង្វឹក និងអត្តពលិកមកពី ២៤ប្រទេសចូលរួម ក្នុងនោះមានកីឡាករ-កីឡាការិនី ៧០០នាក់ (កីឡាការិនី ២០០នាក់), ប្រតិភូ-គ្រូបង្វឹក ៤៨នាក់, មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមជាតិ និងអន្ដរជាតិ ១០០នាក់ សរុបចំនួន ៨៤៨នាក់ ដែលត្រូវរៀបចំការប្រកួតលើវិញ្ញាសាសរុបចំនួន ១០២វិញ្ញាសា៕