(ភ្នំពេញ)៖ លោក Marty Hauck គ្រូឧទ្ទេសកម្រិតខ្ពស់ មកពីសហព័ន្ធកីឡាចំបាប់ពិភពលោក បានស្ងើចសរសើរពីការយល់ដឹង និងខិតខំប្រឹងប្រែងរបស់គ្រូបង្វឹកកីឡាចំបាប់កម្ពុជា ហើយសង្ឃឹមថា អនាគតកម្ពុជានឹងមានធនធានកីឡាករ-កីឡាការិនីចំបាប់ឆ្នើមៗ សម្រាប់ចូលរួមការប្រកួតអន្ដរជាតិនានា រួមទាំងការប្រកួតកីឡាអូឡាំពិកផងដែរ។
ការលើកឡើងនេះ បន្ទាប់ពីអ្នកជំនាញអន្ដរជាតិជនជាតិអាមេរិកខាងលើ បានចូលរួមវគ្គបណ្ដុះបណ្ដាល នៃគម្រោងសាមគ្គីអូឡាំពិក ស្ដីពីការអភិវឌ្ឍន៍ប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធកីឡាចំបាប់កម្ពុជា ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការសាមគ្គីអូឡាំពិកកម្ពុជា។
លោក Marty Hauck បានគូសបញ្ជាក់ថា ក្រោយឆ្លងកាត់ការចែករំលែកចំណេះដឹង ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់រយៈពេល ២ថ្ងៃកន្លងមក លោកសង្កេតឃើញសិក្ខាកាមទាំងអស់ មានការយល់ដឹងច្រើនពីបច្ចេកទេស ក៏ដូចជារបៀបបង្ហាត់ដល់កីឡាករ-កីឡាការិនីជាដើម។ នេះគឺជាសញ្ញាណដ៏ល្អ ដែលលោកសមុទិដ្ឋិនិយមថា សិក្ខាកាមទាំងអស់ គឺជាធនធានដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡាចំបាប់នៅកម្ពុជា។
កញ្ញា កាំង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០៧-១៨ ខែតុលា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់។ កញ្ញារំពឹងថា វគ្គនេះ នឹងក្លាយជាផ្នែកមួយ ក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍ និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីកាន់តែមានប្រសិទ្ធភាព សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា៕